(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង រថយន្តតូច២គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, ងងុយដេក និងកត្តាយានយន្ដ។
សូមបញ្ជាក់ថា រយៈពេល២៥ថ្ងៃ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៣០លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១១៨នាក់ របួសធ្ងន់ចំនួន២២៥នាក់ និងរបួសស្រាលចំនួន២៧០នាក់៕