(បាសេឡូណា)៖ កីឡាករបាល់ទាត់លំដាប់ពិភពលោក Lionel Messi បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល៤ឆ្នាំទៀតជាមួយក្លឹបអេស្ប៉ាញ FC Barcelona ដែលមានតម្លៃទិញផ្តាច់កិច្ចសន្យា (Buyout Clause) កើនដល់ ៦២៦លានផោន ស្មើនឹង ៨៣៥លានដុល្លារ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កិច្ចសន្យាថ្មីរយៈពេល ៤ឆ្នាំដែលកីឡាករខ្សែប្រយុទ្ធប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីនទើបតែចុះហត្ថលេខានៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយប្រធានក្លឹបអ្នកមានបុណ្យលោក Josep Maria Bartomeu នោះ នឹងផុតកំណត់នៅឆ្នាំ២០២១ខាងមុខ ពោលគឺនៅចុងបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ ក្នុងខែមិថុនា។
កិច្ចសន្យាថ្មីនេះ នៅតែធ្វើឲ្យកីឡាករវ័យ៣០ឆ្នាំ Messi មានតម្លៃខ្លួនថ្លៃជាងគេលើលោកដដែល បើប្រៀបធៀបទៅនឹងអតីតមិត្តរួមក្រុម Neymar ដែលត្រូវបានក្លឹបបារាំង Paris Saint-Germain (PSG) ទិញផ្តាច់កិច្ចសន្យាមានតែជាង ២២២លានអឺរ៉ូ ស្មើនឹង ២៦៤លានដុល្លារប៉ុណ្ណោះ។
សូមរំលឹកថា Lionel Messi ជាកីឡាករយុវជនតាំងពីអាយុ១៣ឆ្នាំ និងត្រូវបានក្លឹបស្ថិតនៅតំបន់ Catalonia នៃប្រទេសអេស្ប៉ាញ Barcelona កោះហៅលេងក្នុងឈុតធំនាឆ្នាំ២០០៤ ដោយបានជួយក្លឹបឈ្នះជើងអេស្ប៉ាញបាន៨ដង និងពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League បាន៤ដង៕