(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមុខកំពូល ខេត្តកណ្តាល បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពបាក់ច្រាំងទន្លេ តាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្រ្តស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក វង្សី វិស្សុត និងក្រុមការងារបានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្រ្តឃុំព្រែកដំបង ស្រុកមុខកំពូល ដែលបានទទួលរងការបាក់ច្រាំងខ្លាំងជាងគេ ដោយសារចរន្តទឹកហូរបុកខ្លាំង ក្នុងពេលជំនន់ទឹកទន្លេមេគង្គនាពេលកន្លងមក។
ដោយសារការដុះកោះនៅត្រើយម្ខាងផង រួមផ្សំនឹងកត្តាផ្លាស់ប្តូរចរន្តទឹក ចាប់តាំងពីចំណុចឃុំរកាកោងមក បានធ្វើឱ្យចរន្តទឹក និងធារទឹកទន្លេមេគង្គបានគួចបុកច្រាំងទន្លេខ្លាំង នៅក្នុងភូមិសាស្រ្តឃុំព្រែកដំបង ជាពិសេសនៅត្រង់ចំណុចភូមិវត្តថ្មី ភូមិសាមគ្គី និងច្រាំងទន្លេមួយផ្នែករបស់ឃុំឬស្សីជ្រោយ។
ដោយពិនិត្យឃើញថា ស្ថានភាពនៃការបាក់ច្រាំងនេះ អាចនឹងបង្កការគំរាមកំហែងខ្លាំងដល់អាយុជីវិត និងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ១៦ ខ្នងផ្ទះ រួមទាំងកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះពីស្ពានលេខ១៦ ទៅស្ពានលេខ១៧ នៅក្នុងរដូវជំនន់ទឹកទន្លេមេគង្គនៅឆ្នាំក្រោយ, លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់មន្រ្តីក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យធ្វើការងារជាបន្ទាន់ជាមួយក្រុមមន្រ្តីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចុះធ្វើការសិក្សា និងវាយតម្លៃស្ថានភាពនៃការបាក់ច្រាំងនេះឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីស្វែងរកនូវដំណោះស្រាយដ៏សមស្រប រួមទាំងជម្រើសផ្នែកបច្ចេកទេសនានា ដើម្បីដោះស្រាយបញ្ហាការបាក់ច្រាំងទន្លេដែលកំពុងគំរាមកំហែងដល់អាយុជីវិត និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋផង និងការពារកុំចរន្តទឹកបុកដាច់ផ្លូវជាតិលេខ៦ ផង។
បន្ទាប់មក លោក វង្សី វិស្សុត ក៏បានបន្តចុះពិនិត្យបណ្តាញផ្លូវលំតាមភូមិ ក្នុងភូមិសាស្រ្តឃុំព្រែកដំបង មានប្រវែងសរុបជិត ៥ គីឡូម៉ែត ដែលទើបត្រូវបានស្ថាបនារួច និងបានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ។
ក្រៅពីបានដោះស្រាយបញ្ហាជាក់ស្តែងមួយចំនួន តាមរយៈការចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះនេះ, ឯកឧលោក វង្សី វិស្សុត ក៏បានទទួលយកនូវសំណូមពរនានា ដែលបានលើកឡើងដោយបងប្អូនប្រជាពលរដ្ឋផងដែរ ដើម្បីយកទៅគិតគូរសិក្សាបន្ថែម និងផ្តល់នូវដំណោះស្រាយដ៏សមស្របជូនបងប្អូនវិញ។
លោកក៏បានស្នើដល់ក្រុមការងារបច្ចេកទេសស្ថាបនាផ្លូវ ឱ្យបន្តគិតគូរនិងយកចិត្តទុកដាក់ផងដែរ ដល់ការដាក់ប្រព័ន្ធលូ ដើម្បីបង្កាកុំឱ្យមានទឹកដក់ ដើម្បីលើកកម្ពស់បញ្ហាអនាម័យ និងកុំឱ្យមានជន់លិចលំនៅដ្ឋាននិងផលដំណាំរបស់ប្រជាពល រដ្ឋ។
នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជាប្រចាំដល់សុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកមានចំណូលទាប និងក្រុមជនងាយរងគ្រោះ។
លោកបានបញ្ជាក់ថា «សូមបងប្អូនចង់ចាំថា រាល់សមិទ្ធផលនានា គឺជាស្នាដៃរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែមួយគត់»។
លោកប្រធានក្រុមការងារ បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមចូលរួមថែរក្សាការពារសន្តិភាពទាំងអស់គ្នា ហើយរួមគ្នាអភិវឌ្ឍន៍ប្រទេស កម្ពុជាឱ្យមានភាពរីកចម្រើន ជឿនលឿន និងរុងរឿង ដូចប្រទេសគេដទៃ ពិសេសដើម្បីធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបមានជីវភាពកាន់តែប្រសើរឡើង។
លោក វង្សី វិស្សុត ក៏បានជួបសំណោះសំណាលជាមួយបងប្អូនជាអតីតក្រុមប្រឹក្សាឃុំ និងសកម្មជន ដែលទើបមកពីអតីតគណបក្សសង្រ្គោះជាតិ ដែលទើបមករួមរស់ជាមួយគណបក្សប្រជាជនផងដែរ ហើយក៏បានជម្រាបជូនបងប្អូនវិញថា នេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋ ដែលជាឆន្ទៈពិតប្រាកដរបស់ប្រជាជន ៕