(រតនគិរី)៖ លោក គិត ទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកលំផាត់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារបក្សខេត្ត ចុះជួយច្រូតស្រូវប្រជាពលរដ្ឋនៅក្នុងភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់។
លោក គិត ទ្រី ថ្លែងបញ្ជាក់ថា ជានិច្ចជាកាលគណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ ចាប់តាំងពីបាតដៃទទេ រហូតដល់យើងមានអ្វីៗដូចថ្ងៃនេះ ហើយនឹងមានអ្វីៗជាច្រើននាពេលខាងមុខទៀត ។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនជានិច្ច និងតែងតែសាបព្រោះនូវវប្បធម៌ល្អ ការចែករំលែក និងការជួយគ្នាទៅវិញទៅមក។
ជាក់ស្តែងថ្ងៃនេះ ក្រុមការងារដែលចុះមកជួយច្រូតស្រូវបងប្អូនប្រជាពលរដ្ឋសុទ្ធសឹងតែជាសមាជិកបក្សប្រជាជនកម្ពុជា ស្តែងអំពីទឹកចិត្តចូលរួមចំណែកជាមួយបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន៕