Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មកដល់ពេលនេះ អតីតសមាជិកក្រុមប្រឹក្សាស្រុក មេឃុំ ជំទប់ ក្រុមប្រឹក្សា និងបេក្ខជនបម្រុងទូទាំងខេត្តបន្ទាយមានជ័យចំនួន១៣៨នាក់ បានដើរចេញពីបក្សសង្គ្រោះជាតិ មកសុំចូលរួមជាមួយគណបក្សប្រជាជន

25-11-2017 18:47

(បន្ទាយមានជ័យ)៖ រហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតសមាជិកក្រុមប្រឹក្សាស្រុក មេឃុំ ជំទប់ ក្រុមប្រឹក្សា និងបេក្ខជនបម្រុងទូទាំងខេត្តបន្ទាយមានជ័យ ចំនួន១៣៨នាក់ បានសុំចូលរួម រស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១៣៨រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ ទាំង១៣៨រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

​ដោយសារតែសន្ទុះនៃការសម្រុកចុះចូល បាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាលចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា​ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕