(ភ្នំពេញ)៖ រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយដាក់សំណួរចំនួន៥ ដល់ព្រឹទ្ធសភាអាមេរិក ដើម្បីជាគន្លឹះពិចារណា ក្រោយស្ថាប័នសភាជាន់ខ្ពស់របស់ប្រទេសមហាអំណាចអាមេរិក បានប្រព្រឹត្តទង្វើលូកលាន់ចូលផ្ទៃក្នុងកម្ពុជា។
ប្រតិកម្មរបស់រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានសភាអន្តរជាតិមួយចំនួន ជាពិសេសព្រឹទ្ធសភាអាមេរិក បានសម្តែងការព្រួយបារម្ភ ចំពោះលទ្ធិប្រជាធិបតេយ្យ ក្រោយពេលតុលាការកំពូលកម្ពុជា រំលាយគណបក្សសង្រ្គោះជាតិ ការសម្រេចបិទអង្គការសង្គមស៊ីវិល រួមទាំងការដកខ្លួនរបស់សារព័ត៌មានមួយចំនួន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានចោទជាសំណួរ៥ ទៅកាន់ព្រឹទ្ធសភាអាមេរិក ដើម្បីជាគន្លឹះសម្រាប់ពិចារណាដូចតទៅ៖
ក៖ តើសហរដ្ឋអាមេរិក អនុញ្ញាតឱ្យគណបក្សនយោបាយរបស់ខ្លួន ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលក្នុងអាណត្តិឬទេ? ហើយអនុញ្ញាតឱ្យគណបក្សនយោបាយរបស់ខ្លួន ទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលបរទេស ដើម្បីអនុវត្តសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក ពិសេសនៅមុន និងក្រោយការបោះឆ្នោតដែរឬទេ?
ខ៖ តើសហរដ្ឋអាមេរិក អនុញ្ញាតឱ្យអង្គការក្រៅរដ្ឋាភិបាលប្រតិបត្តិការក្នុងប្រទេសរបស់ខ្លួន ដោយមិនចុះបញ្ជី និងមិនបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែរឬទេ?
គ៖ តើព្រឹទ្ធសភាអាមេរិកដឹង ឬទេថា វិទ្យុ RFA និង VOA នៅតែដំណើរការរបស់ខ្លួន នៅកម្ពុជានៅឡើយ ?
ឃ៖ តើព្រឹទ្ធសភាអាមេរិកបានជ្រាបទេថា រាល់សិទ្ធិសេរីភាពទាំងអស់ត្រូវស្ថិតនៅក្រោមច្បាប់?
ង៖ តើព្រឹទ្ធសភាអាមេរិក បានធ្វើសេចក្តីសម្រេចដូចគ្នានេះ ចំពោះប្រទេសណាផ្សេងនៅក្នុងតំបន់ដែលរដ្ឋាភិបាលទទួលបានអំណាចតាមនីតិវិធីមិនប្រជាធិបតេយ្យឬទេ? បើអត់ មូលហេតុអ្វី?៕