(កំពង់ចាម)៖ លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងរបស់ លោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំក្រុមការងារ បើកកម្មវិធី ទស្សនទានព្រះពុទ្ធសាសនា និងចូលរួមចែករំលែក ការអប់រំស្តីពី «ការកំណត់គោលដៅជីវិត នៅក្នុងវ័យសិក្សា» ដល់សិស្សានុសិស្ស ជិត១ពាន់នាក់ ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន ផ្តៅជុំ ស្ថិតនៅភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
នៅក្នុងកម្មវិធីនោះ លោក ប៉ែន វិបុល បានលើកឡើងថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីអប់រំផ្សព្វផ្សាយ អំពីព្រះធម៌ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នឹងបញ្រ្ជាបពុទ្ធឱវាទដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ពិសេសអប់រំផ្លូវកាយ វាចា ចិត្ត ពង្រឹង សីលធម៌ សុជីវធម៌ គុណធម៌ ចរិយាធម៌ និងប្រកាន់ភ្ជាប់នូវបញ្ចសីលឬសីលប្រាំ។
លោកបានបន្តថា កម្មវិធីនេះក៏បានផ្សព្វផ្សាយ ឲ្យយល់ដឹងពីគ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអានាចារ ការរំលោភសេពសន្ធវ: យល់ដឹងពីបញ្ហាជំងឺអេដស៍ និងក្មេងទំនើង ក្នុងស្រទាប់យុវជន យុវនារី កុមារា កុមារី នៅក្នុង ប្រទេសកម្ពុជា។
លោក ប៉ែន វិបុល បានបន្ថែមដោយបានលើកឡើងផ្តោត ការកំណត់គោលដៅជីវិត នៅក្នុងវ័យសិក្សា និងផ្តោតទៅលើការទប់ស្កាត់គ្រឿងញៀន ដែលរាជរដ្ឋាភិបាល បានអនុវត្តនាពេលកន្លងមក និងព្យាយាមរក្សាសន្តិភាព ដែលយើងទាំងអស់គ្នា បានខិតខំរកបានដោយលំបាកមិនថា ក្នុងវិស័យពុទ្ធិក និងពុទ្ធិចក្រ ប្រទេសមានសង្រ្គាម និងមិនល្អប្រសើរដោយប្រការណាមួយ គឺមិនអាចដំណើរការការអភិវឌ្ឍន៍បានឡើយ។
កម្មវិធី «ទស្សនទានព្រះពុទ្ធសាសនា» ខាងលើនេះ មានការចូលរួមពីតំណាងព្រះអនុគណស្រុកជើងព្រៃ ព្រះមហា សុត សុតឿ ,លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ,លោក រ៉េត សារ៉ាត អនុប្រធានមន្ទរធម្មការនិងសាសនា ខេត្តកំពង់ចាម លោក ឈួន សារ៉េត ប្រធានការិយាល័យធម្មការ និងសាសនាស្រុកជើងព្រៃ លោក អេង ចន្ធី នាយកវិទ្យាល័យផ្តៅជុំ។
គួរបញ្ជាក់ថា ការរៀបចំកម្មវិធីអប់រំ ស្តីពីទស្សនាទានព្រះពុទ្ធសាសនា ដឹកនាំដោយ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ ពីនាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃក្រសួងធម្មការ និងសាសនា។
ការបង្កើតកម្មវិធីនេះ ក៏បានធ្វើឡើងឆ្លើយតបទៅ នឹងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥៕