(ភ្នំពេញ)៖ រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដ៏សំខាន់មួយ ដោយប្រតិកម្មយ៉ាងខ្លាំង ចំពោះការជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងរបស់ ប្រទេសកម្ពុជា ពីសំណាក់មជ្ឈដ្ឋានសភាអន្តរជាតិ ជាពិសេសព្រឹទ្ធសភាអាមេរិក។
ប្រតិកម្មរបស់រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានសភាអន្តរជាតិមួយចំនួន ជាពិសេសព្រឹទ្ធសភាអាមេរិក បានសម្តែងការព្រួយបារម្ភចំពោះលទ្ធិប្រជាធិបតេយ្យ ក្រោយពេលតុលាការកំពូលកម្ពុជា រំលាយគណបក្សសង្រ្គោះជាតិ ការសម្រេចបិទអង្គការសង្គមស៊ីវិល រួមទាំងការដកខ្លួនរបស់សារព័ត៌មានមួយចំនួន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានអះអាងថា ការព្រួយបារម្ភរបស់ព្រឹទ្ធសភាអាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យនេះបានដើរលើសពីភាពចាំបាច់ រហូតក្លាយជាទង្វើជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ សភារបស់កម្ពុជា យល់ច្បាស់ថា លទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដត្រូវដើរស្របតាមគោលការណ៍សាកល គន្លងច្បាប់ និងលក្ខខណ្ឌដោយឡែករបស់ប្រទេសនីមួយៗ។
រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានបន្តអះអាងថា កម្ពុជាសូមរក្សាជំហរឥតងាករេក្នុងការបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជា៕