(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារជនបង្គោលយុវជនស្រុកព្រៃឈរ បានរៀបចំពិធីផ្សព្វផ្សាយពីស្ថានការណ៍បច្ចុប្បន្នមួយចំនួន ជូនដល់យុវជនស្រុកព្រៃឈរចំនួន ៧៣១នាក់បានជ្រាប ដោយមានការចូលរួមជាអធិបតីពីសំណាក់ លោក អ៊ុក ប្រជា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម និងលោក ជ្រុន ថេរ៉ាវ៉ាត ប្រធានក្រុមការងារជនបង្គោលយុវជនស្រុកព្រៃឈរ។
លោក អ៊ុក ប្រជា និង លោក ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងដូចគ្នាផងដែរថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការអនុវត្តច្បាប់របស់ស្ថាប័នតុលាការកំពូល ដែលជាស្ថាប័នឯករាជ្យ ដោយសារតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីធានានូវសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យភាពជាតិ នីតិរដ្ឋ ។ ផ្ទុយទៅវិញបើតុលាការមិនចាត់វិធានការទាន់ពេលវេលាទេ នឹងធ្វើកម្ពុជាធ្លាក់ទៅរកសង្រ្គាមសារជាថ្មីដូចពីអតីតកាល។
ការរំលាយគណបក្សសង្រ្គោះជាតិ ពុំបានធ្វើអោយប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើយ ផ្ទុយទៅវិញគឺជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាទៅវិញទេ ។
រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរក្សានូវដំណើរការលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨ ទៅតាមការគ្រោងទុកជាមួយនឹង គណបក្សនយោបាយជាច្រើន ដែលបានចូលរួមប្រកួតប្រជែងស្របទៅតាមច្បាប់ ស្តីពីគណបក្សនយោបាយ ។
លើកលែងតែថ្នាក់ដឹកនាំ១១៨នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលហាមឃាត់សកម្មភាព ធ្វើនយោបាយរយៈពេល៥ឆ្នាំ អ្នកដទៃនៅតែមានសិទ្ធិសេរីភាពខាងនយោបាយ ជាពិសេសការផ្តល់នូវឱកាស ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាចំពោះអតីតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាជិក សមាជិកា សកម្មជន គណបក្សនេះ ដែលស្មគ្រ័ចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបម្រើដល់ប្រជាពលរដ្ឋឱ្យបានល្អនៅតាមមូលដ្ឋាន ។
បន្ទាប់ពីបានស្តាប់ និងកាន់តែយល់ដឹង យុវជនស្រុកព្រៃឈរបានប្រកាសគាំទ្រយ៉ាងខ្លាំងក្លា ចំពោះសាលដីការបស់តុលាការកំពូល ក្នុងការសម្រេចរំលាយគណបក្សសង្គ្រោះជាតិនេះ នឹងប្តេជ្ញាចូលរួមការពារឱ្យបាននូវសុខសន្តិភាព និងសមិទ្ធិផលនានាដែលរាជរដ្ឋាភិបាលបានផ្តល់ជូន៕