(ភ្នំពេញ)៖ ពិតជាឈ្ងុយឆ្ងាញ់អស្ចារ្យមែន ឌីមសាំរសជាតិថ្មី ជាច្រើនមុខ ច្រើនរសជាតិ កាន់តែពិសេស ជាមួយស្រាក្រហមលំដាប់ថ្នាក់អន្ដរជាតិ ក្នុងការរៀបចំព្រឹត្ដិការណ៍ទី២ នៃការផ្គរផ្គងស្រាក្រហម ជាមួយឌីមសាំ នៅភោជនីយដ្ឋាន យ៉ីសាង បឹងកេងកង កាលពីយប់មិញនេះ បន្ទាប់ពីព្រឹត្ដិការណ៍ទី១ នៅយ៉ីសាងទីមាត់ទន្លេ ទទួលបានជោគជ័យខ្ពស់នោះ។
មេចុងភៅដៃឆ្នើម គំនិតខ្ពស់ ច្នៃប្រឌិតដ៏ប្រណិតនៅកម្ពុជា លោក លូ ម៉េង បានថ្លែងថា ថ្ងៃនេះ លោកបានអញ្ជើញអ្នកជំនាញស្រាក្រហម លំដាប់ថ្នាក់អន្ដរជាតិ លោក Darren Gall មកពីក្រុមហ៊ុន Liquid Assets Fine Wines ដើម្បីមកណែនាំ ឬបង្ហាញស្រាក្រហមដែលល្អបំផុត សាកសមជាមួយនឹងកំពូលរសជាតិឆ្ងាញ់ឌីមសាំ របស់លោក ឲ្យភ្ញៀវជាតិ-អន្ដរជាតិ ដែលតែងតែនិយមកគាំទ្រ គ្រប់រសជាតិនៃសា្នដៃរបស់លោក គ្រប់សាខានោះ។
លោក លូ ម៉េង បានថ្លែងទៀតថា «ខ្ញុំតែងតែភ្លក់រសជាតិឌីមសាម ហើយធ្វើការកែតម្រូវ ឲ្យកាន់តែមានភាពល្អប្រសើរ ហើយសម្រាប់កម្មវិធីនៅយប់នេះ លោកអ្នកនឹងមានការពេញចិត្ដ នឹងរសជាតិ ឌីមសាំជាច្រើនប្រភេទជាមួយនឹងរសជាតិស្រា Domaine Delas »។
ទន្ទឹងនឹងនោះ លោក Darren Gall បានលើកឡើងផងដែរថា «ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយ ដែលលោក លូ ម៉េង បានអញ្ជើញខ្ញុំ ក្នុងវិធីផ្គរផ្គងស្រាក្រហម ជាមួយអាហារពេលល្ងាចដ៏ពិសេសនេះ កាលពីដើមឡើងយការបរិភោគ ឌីម សាំ ត្រូវបានចាត់ទុកថា ជាអាហារសម្រន់ ដែលសាកសមបំផុត ជាមួយនិងតែ Yum Cha ប៉ុន្ដែបច្ចុប្បន្ននេះ គេបានចាត់ទុកថា វាជាអាហារមួយប្រភេទ»។
លោកបន្ដថា ថ្វីត្បិតតែការបរិភោគតែ ជាមួយនឹងឌីមសាំ ត្រូវបានគេមើលឃើញថា អាចជួយដល់ការរំលាយអាហារ និងលាងសម្អាតក្រអូមមាត់ ក៏ពិតមែន លើសពីនេះ ការបរិភោគអាហារជាមួយនឹងស្រាក្រហម ក៏ត្រូវបានអនុវត្ដន៍តាំងពីបុរាណផងដែរ។ លើសពីនេះ ភាពឥតខ្ចោះ នៃការធ្វើឌីមសាំ ត្រូវបានចំណាយពេលយ៉ាងយូរ របស់លោកលូ ម៉េង លោកបានណែនាំដល់ក្រុមចុងភៅ ឌីមសាំ ទាំងអស់របស់ភោជនីយដ្ឋាន យ៉ី សាង ផ្ដល់នូវគុណភាពខ្ពស់ រសជាតិដ៏ឈ្ងុយឆ្ងាញ់ និងរចនាបថ ត្រូវបានរក្សាជាប្រពៃណី និងភាពដើម នៃអាហារដ៏ពិសេសនេះ។
គួរបញ្ជាក់ថា ព្រឹត្ដិការណ៍ទី២ នៃការរួមបញ្ជូលគ្នា រវាង ឌឺមសាំ រសជាតិថ្មី ជាមួយស្រាក្រហមលំដាប់អន្ដរជាតិ បានធ្វើឲ្យព្រឹត្ដិការណ៍មួយនេះ ប្រកបដោយភាពអស្ចារ្យ និងការពេញចិត្ដពីភ្ញៀវកិត្ដិយសចូលរួមផងដែរ៕