(ភ្នំពេញ)៖ ព្រឹទ្ធសភា និងរដ្ឋសភារបស់កម្ពុជា បានចេញសេចក្តីការណ៍រួមគ្នាមួយបង្ហាញពីបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹង សភារបស់អាមេរិក និងសាធារណជនមួយចំនួន ដែលកំពុងមានប្រតិកម្មខ្លាំងលើបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអនុវត្តន៍ច្បាប់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីគណបក្ស សង្គ្រោះជាតិត្រូវបានរំលាយក្រោមការចោទប្រកាន់ថាប្រព្រឹត្តទង្វើក្បត់ជាតិនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា និងចេញផ្សព្វផ្សាយជាសាធារណនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា បានហៅប្រតិកម្ម របស់សភាអាមេរិកថា ជាក្តីបារម្ភលើសពីភាពចាំបាច់ រហូតក្លាយជាទង្វើជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ ក៏បានអះអាងដែរថា ការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនលោក កឹម សុខា មេបក្សអតីតគណបក្សសង្គ្រោះជាតិ ជាការធ្វើឡើងដោយស្របទៅ ច្បាប់របស់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំ និងគណបក្សមួយនេះបានប្រព្រឹត្តទង្វើទុច្ចរិតឃុបឃិតបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងសេចក្តីថ្លែងការណ៍ក៏បានបង្ហាញផងដែរ ពីមូលហេតុនៃការបិទអង្គការ NDI ការបិទដំណើរការរបស់កាសែតឌឺខែមបូឌាដេលី ការបិទការិយាល័យរបស់វិទ្យុអាស៊ីសេរីនៅកម្ពុជាជាដើម។
ព្រឹទ្ធសភា និងរដ្ឋសភា បានអះអាងថា កម្ពុជានៅតែបន្តប្តេជ្ញារៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តនៅឆ្នាំ២០១៨។ ព្រឹទ្ធសភា និងរដ្ឋសភា បានបញ្ជាក់ទៀតថា ជាមួយនឹងវត្តមានគណបក្សនយោបាយជាង៣០នៅកម្ពុជា លក្ខខណ្ឌប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្សនៅតែមានវត្តមានពេញលេញដដែលនៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍នេះសភាកម្ពុជា បានអះអាងនូវជំហររបស់ខ្លួនដោយឥតងាករេក្នុងការបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។
មុននឹងបញ្ចប់សេចក្តីថ្លែងការណ៍របស់ខ្លួន សភាកម្ពុជា ក៏បានឆ្លៀតឌឺឲ្យសភាអាមេរិកដែរថា ខ្លួននឹងបន្តគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយការបរទេស «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងក្នុងរបស់ប្រទេសដទៃ» របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងពេលថ្មីៗនេះ៕
សូមអានសេចក្តីថ្លែងការណ៍ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖