(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីថ្លែងការណ៍ បដិសេធទាំងស្រុងចំពោះ សេចក្ដីថ្លែងការណ៍របស់ អតីតគណបក្សសង្គ្រោះជាតិ ដែលទើបរំលាយ ដែលបានចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញនេះ។
តាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញសារព័ត៌មានទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គោរពតាមសេចក្ដីសម្រេចរបស់សាលដីការតុលាការកំពូល និងសូមគាំទ្រអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសាលដីការតុលាការកំពូល។
គណបក្សប្រជាជនកម្ពុជា ធ្វើការថ្កោលទោស ចំពោះជនទាំងឡាយណាដែលព្យាយាមយកសេចក្ដីសុខ ប្រជាពលរដ្ឋជាចំណាប់ខ្មាំង តាមរយៈការគៀងគរបរទេសឲ្យដាក់ទណ្ឌកម្មលើប្រទេសរបស់ខ្លួន ដើម្បីបម្រើមហិច្ឆិតានយោបាយរបស់ខ្លួន។
គណបក្សប្រជាជនកម្ពុជា គោរពនូវរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃប្រទេសកម្ពុជា ស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីរក្សាការពារសន្ដិភាព ឯករាជ្យ អធិបតេយ្យភាព ការអភិវឌ្ឍ និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ៕