(ភ្នំពេញ)៖ ក្រោយដឹងពីទង្វើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ហើយត្រូវតុលាការកំពូលកាត់រំលាយទៀតនោះ សន្ទុះនៃការចុះចូល របស់អតីតមន្ដ្រីគណបក្សក្បត់ជាតិមួយនេះ ជាមួយគណបក្សប្រជាជនកម្ពុជា បានស្ទុះឡើងខ្លាំងដូចជាទឹកបាក់ទំនប់ ដោយក្នុងមូលដ្ឋានខ្លះ គ្មានអតីតមន្ដ្រីរបស់បក្សក្បត់ជាតិនេះថែមទៀតផង ជាក់ស្ដែងដូចជា នៅក្នុងខេត្តពោធិ៍សាត់ជាដើម។
បើតាមលិខិតចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបានគិតត្រឹមរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ ដែលមេបក្សកំពុងជាប់ពន្ធនាគារនោះ បានកើតឡើងរហូតដល់ប្រមាណ២០ភាគរយហើយ នៃចំនួនអតីតមន្ដ្រីនោះសរុបប្រមាណ៥០០០នាក់។
សន្ទុះនៃការចុះចូលដូចទឹកបាក់ទំនប់នេះ ក្នុងមួយថ្ងៃៗអង្គភាពព័ត៌មាន Fresh News ទទួលបានលិខិតចុះចូលមិនក្រោម១០០នាក់នោះទេ ដែលទាំងនេះហើយ សបញ្ជាក់ឲ្យឃើញថា អតីតមន្ដ្រីទាំងអស់នោះបានដឹងកាន់តែច្បាស់អំពីអំពើក្បត់ជាតិ របស់គណបក្សសង្គ្រោះជាតិដែលទើបរលាយ ដែលបានឃុបឃិតគ្នាជាមួយបរទេស ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
ដោយសារតែសន្ទុះ នៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ផ្ដាច់មុខដ៏ពិសេសមួយជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្ដាញសារព័ត៌មាន Fresh News បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ និងចេញគោលការណ៍ថ្មី ជូនបងប្អូនទាំងអស់របស់អតីតគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន អាចចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រហូតដល់ម៉ោង៩យប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ ដោយសារសន្ទុះនៃការចុះចូលនៅមានកម្រិតខ្លាំង និងមិនទាន់អស់»។
ជាពិសេសជាងនោះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់កាដូដ៏ធំជូនបេក្ខជនបម្រុងរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនជាប់ឆ្នោតនឹងទទួលបានតំណែង ជាសមាជិកក្រុមប្រឹក្សា ឬជំទប់ នៅពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
ប្រមុខនៃរាជរដ្ឋាភិបាលក៏បានលើកឡើងផងដែរថា នេះជាឱកាសដ៏ពិសេសមួយសម្រាប់បងប្អូន ដែលបានឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ តែមិនបានជាប់ឆ្នោត «នឹងទទួលបានប្រាក់ខែ ព្រមទាំងតួនាទី នៅក្នុងឃុំសង្កាត់ដែលឈរឈ្មោះនោះ នៅពេលដែលបងប្អូនយល់ព្រមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គជប៕