(កំពង់ធំ)​​៖ អតីត​បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​​សរុប៥នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ​បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួក​គាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​​ទាំង៥រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់​រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៥​រូបនេះ​ រួមមាន៖
​ទី១៖លោកស្រី ពូ សៀងហ៊ាន់ អាយុ៥១ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំព្រែកគយ ស្រុកកំពង់ស្វាយ
ទី២៖លោក ហាក់ ខ្ចៅ អាយុ៥៥ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំផាត់សណ្ដាយ ស្រុកំពង់ស្វាយ
ទី៣៖លោក ថៃ ស៊ាង អាយុ៥០ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ
ទី៤៖លោក ទិន ជា អាយុ៥៦ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ
ទី៥៖លោក ទូច ឈី អាយុ៥៦ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំផាត់សណ្ដាត ស្រុកកំពង់ស្វាយ។

​​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ​បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​ទាំង៥រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

​សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦​ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕