(ម៉ាលី)៖ អ្នកនាំពា្យមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ កញ្ញា កុសល ម៉ាលីនដា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា កាលពីម៉ោង៦៖០០នាទីព្រឹក ថ្ងៃឲទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងប្រទេសម៉ាលី ត្រូវនឹងម៉ោង១២ថ្ងៃត្រង់ម៉ោងនៅក្នុងប្រទេសកម្ពុជា មានកងកម្លាំងយោធាមួកខៀវកម្ពុជា បម្រើការងារកម្ទេចគ្រាប់មិនទាន់ផ្ទុះ ប្រចាំនៅតំបន់បេសកកម្ម ក្នុងប្រទេសម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានរងការវាយប្រហារពីសំណាក់ក្រុមឧទ្ទាម បណ្តាលឲ្យកងកម្លាំងយោធាមួកខៀវកម្ពុជា ម្នាក់រងរបួសស្រាល ខណៈកងទ័ពមួកខៀវប្រទេសផ្សេងទៀតចំនួន២នាក់ បានស្លាប់ និង១៥នាក់រងរបួស។
បើតាមអ្នកនាំពាក្យដដែលរូបនេះ បញ្ជាក់ថា កងកម្លាំងរបស់កម្ពុជាម្នាក់នោះ គឺត្រូវអំបែងគ្រាប់ និងត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យផងដែរ។
បើតាមកញ្ញា កុសល ម៉ាលីនដា កងទ័ពមួកខៀវកម្ពុជា ដែលត្រូវរបួសនេះ គឺអនុសេនីយ៍ឯក មុំ រិទ្ធី នៅក្នុងកងឯកភាពកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១២៣ ក្នុងតំបន់បេសកកម្ម MINUSMA ប្រទេសម៉ាលី។
លោកអនុសេនីយ៍ឯក មុំ រិទ្ធី ជានាយទាហានក្នុងកងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កើតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៨២ មានស្រុកកំណើតផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
កញ្ញា កុសល ម៉ាលីនដា បន្ថែមថា នៅប្រទេសម៉ាលី មានកងទ័ពមួកខៀតកម្ពុជា មាន២កង សរុបចំនួន៣០៩នាក់៕