(ព្រះវិហារ)៖ នៅព្រឹកនេះ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានរៀបចំពិធីបញ្ជូលអតីតសមាជិកគណបក្សសង្រ្គោះជាតិចំនួន៣៩នាក់ នៅទូទាំងខេត្តព្រះវិហារ ដែលបានធ្វើញត្តិសុំចុះ ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សួស យ៉ារ៉ា និងលោក អ៊ុន ចាន់ដា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនដែលមកពីអតីតសមាជិកបក្សសង្រ្គោះជាតិ ដែលបានសុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោលដោយតុលាការកំពូលកាលពីពេលថ្មីៗនេះ។
លោកទាំងពីរ ក៏សូមអំពាវនាវឲ្យបងប្អូន ដែលជាអតីតសមាជិកគណបក្សសង្រ្គោះជាតិផ្សេងៗទៀត សូមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះឱសាន្តវាទដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនៅសល់រយៈពេលមួយថ្ងៃទៀតពោល គឺនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ។ ហើយក៏មិនមែនបានន័យថាផុតពីថ្ងៃទី២៦ ស្អែកនេះទៅ គណបក្សប្រជាជនកម្ពុជា ឈប់ទទួលយកបងប្អូន អតីតសមាជិកបក្សសង្រ្គជាតិនោះទេ គឺនៅតែទទួលយកជានិច្ច។
លោក ស៊ឹង សាន់ដេ សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ និងជាអតីតសមាជិកគណបក្សសង្រ្គោះជាតិ បានថ្លែងឲ្យដឹងថា ថ្ងៃនេះលោកតំណាងឲ្យ បងប្អូនអតីតសមាជិកគណបក្សសង្រ្គោះជាតិ មានក្តីសប្បាយរីករាយដែលបានមកវិលត្រឡប់មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា វិញរួមគ្នាកសាងប្រទេសជាតិឲ្យមានអភិវឌ្ឍន៍រីកចម្រើន។
លោក ស៊ឹង សាន់ដេ បានបញ្ជាក់ថា កន្លងមកលោករួម និងសមាជិកដ៏ទៃទៀតតែងគិតខុស មកលើគណបក្សប្រជាជនកម្ពុជា ពិសេសលើការដឹកនាំ របស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។ តែក្រោយពីបានស្តាប់ឃ្លីបវិដេអូររបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលមានគំនិតឃុបឃិតជាមួយជនបរទេស ទើបលោកមានការភ្ញាក់ខ្លួន ហើយក៏បានសុំមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា វិញជារៀងរហូតដោយមិនទៅណាទៀតទេ៕