(ភ្នំពេញ)៖ ពាណិជ្ជករខ្មែរវ័យក្មេង លោក ហេង សុជាតិ បានក្លាយជាអ្នកចែកចាយផ្តាច់មុខ នូវម៉ាកកាហ្វេ «Coffman » ដ៏ពេញនិយមពីប្រទេសថៃ មកលក់, ចែកចាយបន្ត និងបើកដំណើរការជាផ្លូវការ នៅទូទាំងប្រទេសកម្ពុជា។ ម៉ាកកាហ្វេ « Coffman » បានលេចវត្តមានជាលើកដំបូង ស្ថិតនៅជិតសាលាប៊ែលធី ផ្លូវភ្លោះអូរឫស្សី រាជធានីភ្នំពេញ ហើយបានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក ហេង សុជាតិ បានបញ្ជាក់ឲ្យដឹងថា ការសម្រេចទិញម៉ាកកាហ្វេ «Coffman »ផ្តាច់មុខពីប្រទេសថៃ នាពេលនេះ ដោយលោកសំលឹងឃើញថា ប្រជាពលរដ្ឋខ្មែរ ចូលចិត្តពិសារកាហ្វេ នាំចូលពីប្រទេសអាស៊ាន ដូច្នេះ កាហ្វេ ដែលលោកនាំចូលនេះ គឺយកមកពីប្រទេសអាស៊ាន ហើយការនាំពីប្រទេសអាស៊ាននេះអាចចូលរួមចំណែក ជួយគាំទ្រផលិតផល ក្នុងស្រុក និងក្រៅស្រុកផងដែរ។
លោក ហេង សុជាតិ បានឲ្យដឹងទៀតថា ការសម្រេចចិត្តបើកអាជីវកម្មកាហ្វេទ្រង់ទ្រាយធំនេះ ក៏កើតចេញពីការមើលឃើញថា នយោបាយនៅកម្ពុជា មានស្ថេរភាពនឹងនរល្អ ហើយប្រទេសជាតិមានការរីកចម្រើន ចំណែកប្រជាពលរដ្ឋមានចំណូលច្រើន រហូតមានលទ្ធភាពក្នុងការពិសារនូវកាហ្វេ ដែលមានម៉ាកត្រឹមត្រូវ នាំចូលពីក្រៅប្រទេស។ លោកថា ដោយសារតែបែបនេះ ហើយទើបវិនិយោគិនបរទេសជាច្រើននាក់ បានសម្រេចចិត្តបោះទុនរាប់រយលាន នៅក្នុងប្រទេសកម្ពុជា។
អ្នកចែកចាយផ្តាច់មុខនូវម៉ាកកាហ្វេ «Coffman »រូបនេះ បានបន្ថែមថា ជាទូទៅ ហាងកាហ្វេដែលបើកដំណើរការ ភាគច្រើននៅក្នុងប្រទេសកម្ពុជា គឺផ្តោតសំខាន់លើបរិយាកាសល្អ មានម៉ាស៊ីនត្រជាក់ មានគុណភាពល្អ ប៉ុន្តែលក្ខណៈពិសេស របស់ហាងកាហ្វេ Coffman គឺជាប្រភេទគ្រាប់កាហ្វេ១០០ភាគរយ ចំណែកប្រភេទតែបៃតង គឺស្លឹកតែសុទ្ធយកមកឆុង មិនមែនជាលក្ខណៈម្សៅនោះទេ។ ចំណុចមួយទៀត លោកចង់ឲ្យ អតិថិជនដែលចូលមកហាងរបស់លោកហើយ ចាត់ទុកថាហាងរបស់លោកជាការិយាល័យធ្វើការទី២ របស់ពួកគាត់ពេលចូលមកហាងកាហ្វេ Coffman។ ចំពោះតម្លៃវិញ គឺសមរម្យបើប្រៀបធៀបនឹង ហាងកាហ្វេ ផ្សេងៗទៀត។ តម្លៃនេះ លោកគិតថា អតិថិជន នឹងអាចទទួលយកបាន។
លោក ហេង សុជាតិ បានបន្តថា សម្រាប់ទីតាំងហាងកាហ្វេ Coffman វិញ គឺជាទីប្រជុំជន ដែលមានមនុស្សអ៊ូរអរច្រើន ប្រមូលផ្តុំ ទៅដោយអ្នកធ្វើការ និងសិស្សានុសិស្សចេញចូលច្រើន សំខាន់នៅទីតាំងនេះ នៅមិនទាន់មានហាងកាហ្វេណាមួយ បើកដំណើរការ ក្រៅតែពីហាងកាហ្វេ Coffman នៅឡើយទេ។
កាហ្វេ Coffman នាំចូលពីប្រទេសថៃ ហើយគ្រាប់កាហ្វេដាំ នៅប្រទេសថៃ និងផលិតដោយរោងចក្រដែលមានស្តង់ដារ ត្រឹមត្រូវ តាមបច្ចេកទេស។ ម៉ាកកាហ្វេនេះ មានវត្តមាននៅក្នុងប្រទេសថៃរយៈពេល១៥ឆ្នាំ និងមានជាង៨០០សាខា។
ក្នុងឱកាសបើកសម្ពោធហាងកាហ្វេ Coffman នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហាងកាហ្វេ បានផ្តល់ជូនដល់ អតិថិជន ចាប់ពីម៉ោង១រសៀលថ្ងៃនេះ រហូតដល់ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយទិញភេសជ្ជៈគ្រប់មុខក្នុង ហាង១កែវ ថែមជូន១កែវ។
ពាណិជ្ជករខ្មែរវ័យក្មេង លោក ហេង សុជាតិ បានបញ្ជាក់ថា សាខាបន្តបន្ទាប់ទៀត លោកគ្រោងនឹងបើកនៅខេត្តសៀមរាប នៅដើមឆ្នាំ២០១៨ខាងមុខនេះ។ ចំណែកការលក់ម៉ាកកាហ្វេ «Coffman» ដ៏ពេញនិយមពីប្រទេសថៃនេះ ក្រុមពាណិជ្ជករដែលមានបំណងទិញយកទៅលក់ និងចែកចាយបន្តអាចទាក់ទងបាន ចំពោះតម្លៃវាយ គឺសមរម្យ និងអាចទទួលយកបាន ចំណុចសំខាន់គឺម៉ាកកាហ្វេនេះ មានគុណភាពល្អ និងផលិតពីធម្មជាតិពិតៗ ធានាថា រសជាតិឆ្ងាញ់ មិនចាញ់រសជាតិកាហ្វេផ្សេងៗទៀតឡើយ៕