(ភ្នំពេញ)៖ បន្ទាប់ពីសាលក្រមតុលាការ របស់សាលាដំបូងរាជធានីភ្នំពេញ បានចូលជាស្ថាពរ ដោយបានកាត់ក្ដីឲ្យទណ្ឌិតឈ្មោះ ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃ ក្នុងសំណុំរឿងប្រើអំពើហិង្សា លើអនិតិជន ដោយតុលាការបានកាត់ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ៦ខែ និងបង់ជំងឺចិត្ត ចំនួន១២ លានរៀល កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ប៉ុន្តែទណ្ឌិតរូបនេះ នៅតែមានសេរីភាពធម្មតា មិនត្រូវបានតុលាការអនុវត្តតាមច្បាប់នោះ ជាថ្មីម្ដងទៀតដើមបណ្ដឹង គឺលោក មាស ឡេង បានទទូចស្នើដល់តុលាការ មេត្តាអនុវត្តតាមច្បាប់ឲ្យមានប្រសិទ្ធភាព ជាទីបំផុត ខណៈដែលការកាត់ក្ដីនេះ មានតែនៅលើក្រដាស ប៉ុន្តែទណ្ឌិតនៅតែមានសេរីភាពដដែល ពោលគឺហាក់ពុំមានទោសទណ្ឌអ្វី បន្តិចសោះ។
លោក មាស ឡេង បានថ្លែងទាំងហួសចិត្តថា មិនត្រឹមតែទណ្ឌិតឈ្មោះ ភុំ មុនីរ័ត្ន នៅមានសេរីភាពដើរហើរតាមអំពើចិត្តនោះទេ ថែមទាំងបានដាក់ពាក្យប្ដឹងបក មករូបលោកវិញ ទៅកាន់សាលាឧទ្ធរណ៍ទៀតផង ហើយតុលាការសាលាឧទ្ធរណ៍ នឹងកោះហៅរូបលោក ឲ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ លោកសង្កត់ធ្ងន់ថា «វាវាយកូនយើងហើយ យើងពិតជាឈឺចាប់ណាស់ តែយើងអត់ប្ដឹងវាទេ ស្រាប់តែវាប្ដឹងយើងនៅព្រហ្មទណ្ឌ ពីបទចាប់ជំរិត និងសុំដីការដើម្បីឃុំខ្លួនយើង ហើយវាយកកូនទៅវិញ រួចវាចោទយើងថា ស្លាកស្នាមហ្នឹង! គឺយើងជាអ្នកចាប់កូន ពីសាលាដោយបង្ខំមក ហើយវាយកូន..!។ វាវាយកូនយើងហើយ វាឲ្យកូនយើងសម្លាប់យើងទៀត, កូនវាវាយបំបាក់បាត់ទៅហើយហ្នឹង! ខ្លាចវាបាត់ទៅហើយហ្នឹង ឃើញទេ? អាត្រង់ហ្នឹងហើយ ដែលខ្ញុំចង់មហាជនដឹង ដើម្បីកុំឲ្យមនុស្សអាក្រក់ មនុស្សឃោឃៅរូបនេះ ល្អតែមុខប្រជាពលរដ្ឋ ល្អតែមុខរដ្ឋាភិបាល ដែលគេមិនដឹង ពីពុតត្បុតរបស់បុគ្គលរូបនេះ..!»។
ឪពុកមារបស់តារាចម្រៀង ជុំ លីណូ គឺលោក មាស ឡេង បានបន្ថែមថា ជម្លោះដ៏ក្ដៅគគុករបស់គ្រួសារលោក ដែលបានកើតឡើងតាំងពីអំឡុង ខែមិថុនា ឆ្នាំ២០១៥ នៅមិនទាន់ទទួលបាន យុត្តិធម៌នៅឡើយទេ ដោយសារតែតុលាការបានចេញសាលក្រម កំណត់ឲ្យជនល្មើសជាប់គុក ប៉ុន្តែមកទល់ពេលនេះ ជនល្មើសនៅតែមានសេរីភាពដដែល។ លោកបានបង្ហាញអារម្មណ៍ខកចិត្ត និងស្នើដោយផ្ទាល់ ឲ្យតុលាការជួយអនុវត្តច្បាប់ ដោយចាប់ជននោះដាក់ពន្ធនាគា ដើម្បីឲ្យគ្រួសារលោកទទួលបាន នូវយុត្តិធម៌ពេញលេញ។
លោកបន្តថា ឈ្មោះ ភុំ មុនីរ័ត្ន បានប្រើអំពើហឹង្សាក្នុងនាមជាឪពុកចុង លើកូនច្បងរបស់លោក បង្កឲ្យនាងមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ ព្រមជាមួយនឹងគំរាមកំហែង យ៉ាងព្រៃផ្សៃ ទើបលោកសម្រេច ទៅយកកូនស្រីទាំង២ ឲ្យមករស់នៅជាមួយខ្លួនវិញ តែបែរជាត្រូវឈ្មោះ ភុំ មុនីរ័ត្ន ប្រើអំណាចជាទីប្រឹក្សាសម្ដេច ហេង សំរិន ដាក់បណ្ដឹងឲ្យចាប់រូបលោក និងចោទពីបទចាប់ជំរិតកូនស្រីរបស់ខ្លួនឯង ទាំងទទឹងទិសទៅវិញ។ លោកសម្ដែងការសោកស្ដាយ ដែលយុត្តិធម៌នៅតែមើលមិនឃើញពន្លឺ ហើយសាលាឧទ្ធរណ៍ នឹងប្រកាសលទ្ធផលជាថ្មីនៅថ្ងៃទី២៧ វិច្ឆិកា តបតាមការតវ៉ាដោយមិនញញើតច្បាប់ របស់ឈ្មោះ ភុំ មុនីរ័ត្ន។
លោក មាស ឡេង ជាឪពុកមាបង្កើតរបស់លោក ជុំ លីណូ បញ្ជាក់ថា មកទល់ពេលនេះកូនស្រីរបស់លោក ដែលរងហិង្សាយ៉ាងដំណំ ក្នុងពេលដែលនាងរស់នៅជាមួយភរិយា និងស្វាមីក្រោយ មានវ័យ១៤ឆ្នាំហើយ បន្ទាប់ពីនាងបានរងហិង្សា តាំងពីអាយុ១២ឆ្នាំ។ យ៉ាងណាមិញ លោកនៅតែជឿជាក់ថា តុលាការមិនអាចកែប្រែលទ្ធផលសាលក្រម ដែលបានប្រកាសឡើង ហើយធ្វើឲ្យលោក និងគ្រួសារអស់ជំនឿ លើភាពយុត្តិធម៌នោះទេ ដោយលោករំពឹងថា ការប្រកាសខ្លឹមសារជាថ្មី នៅថ្ងៃទី២៧ វិច្ឆិកា នឹងដាក់បន្ទុកលើឈ្មោះ ភុំ មុនីរ័ត្ន ហើយចាប់ខ្លួនបុគ្គលនេះ ឲ្យជាប់ពន្ធនាគារតាមច្បាប់នោះផង។ ឈ្មោះ ភុំ មុនីរ័ត្ន គឺជាជនព្រៃផ្សៃចំពោះកូនស្រីរបស់លោក ដោយមិនដូចជា ការអះអាងថា ដែលថា លោកអតីតព្រះសង្ឃ ដែលមានការបួសរៀនជ្រៅជ្រះ ហើយជាមនុស្សធម៌អារ្យនោះទេ។
សូមបញ្ជាក់ថា ឈ្មោះ ភុំ មុនីរ័ត្ន ភេទប្រុស ដែលកាលពីមុន គឺជាព្រះសង្ឃល្បីឈ្មោះមួយ និងត្រូវគេស្គាល់ថា ជាទីប្រឹក្សារបស់ប្រធានរដ្ឋសភា បន្តស្ថិតនៅក្រៅឃុំ ក្រោយពីខាងតុលាការកាត់ ឲ្យជាប់ទោស២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនា លើអនិតិជន ដែលជនរងគ្រោះ គឺប្អូនស្រីជីដូនមួយរបស់តារាចម្រៀង លោក ជុំ លីណូ ហើយមិនត្រូវបានចាប់ខ្លួន ក្រោយសាលក្រមប្រកាសចេញ តាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧។ បុគ្គលឈ្មោះ ភុំ មុនីរ័ត្ន បានទាក់ទងជាមួយអតីតភរិយា លោក មាស ឡេង តាំងពីលោកនៅជាព្រះសង្ឃ ហើយដោយសារតែទំនាក់ទំនងស្នេហានោះ កាន់តែស្អិតល្មួតដោយចំហរ ក៏បង្កឲ្យឪពុកមារ និងម្ដាយមីងថ្លៃរបស់លោក ជុំ លីណូ លះលែងគ្នា ហើយម្ដាយមីងថ្លៃរបស់លោក ក៏រួមរស់ជាមួយឈ្មោះ ភុំ មុនីរ័ត្ន ក្រោយសឹកពីបួស ដោយម្ដាយមីងថ្លៃរបស់លោក ក៏បានយកកូនស្រី២នាក់ ទៅរស់នៅជាមួយផង។
ចាប់តាំងពីពេលនោះមក ក៏មានការប្ដឹងដាក់គ្នាទៅវិញទៅមក បានកើតឡើងរវាងឈ្មោះ ភុំ មុនីរ័ត្ន និងលោក មាស ឡេង តាំងពីឆ្នាំ២០១៥ ដោយខាងតុលាការទើបតែបានកាត់ក្ដីឲ្យលោក មាស ឡេង ឈ្នះក្ដី កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០១៧ តែឈ្មោះ ភុំ មុនីរ័ត្ន នៅតែស្ថិតនៅក្រៅឃុំ និងមិនមានការបង់ជំងឺចិត្តឲ្យគ្រួសារលោក មាស ឡេង តាមកាលកំណត់ចំនួន១២លានរៀល បូកនឹងប្រាក់ពិន័យ៤លានរៀល ដូចការប្រកាសរបស់សាលក្រមឡើយ។
លើសពីនេះឈ្មោះ ភុំ មុនីរ័ត្ន មិនត្រឹមតែមិនមានការចាប់ខ្លួនឲ្យជាប់ឃុំ តាមការសាលក្រមនោះទេ គឺថែមទាំងបានប្រើអំណាចប្ដឹងទៅសាលាឧទ្ធរណ៍ ហើយខាងសាលាឧទ្ធរណ៍ នឹងប្រកាសក្ដីជាថ្មីនៅពេលខាងមុខ ដែលមិនដឹងថា តើនឹងនៅរក្សាខ្លឹមសារកាត់ក្ដីចាស់ ឬត្រូវប្រែប្រួលនោះទេ។
សូមរំឭកថា ពាក់ព័ន្ធនឹងរឿងនេះ លោក មាស ឡេង ជាឪពុកបង្កើតកុមារីរងគ្រោះ និងជាពូបង្កើតរបស់តារាចម្រៀង ជុំ លីណូ បានថ្លែងឲ្យដឹងថា លោកបានរៀបការ ជាមួយអ្នកនាង ពេជ្រ ចិន្តា ដែលបច្ចុប្បន្នវ័យ៣៧ឆ្នាំ កាលពីអំឡុងឆ្នាំ២០០០ ដែលមានសុភមង្គលល្អូកល្អិននឹងគ្នា រហូតទទួលបានចំណងដៃកូន៣នាក់ ប្រុស១ស្រី២។ លុះនៅឆ្នាំ២០១៤ ជីវិតគ្រួសាររបស់លោក ក៏ចាប់ផ្ដើមមានបញ្ហារកាំរកូស ជាបន្តបន្ទាប់ ខណៈដែលអតីតភរិយា របស់លោកចង់នាំកូនប្រុសស្រី ទៅរស់នៅប្រទេសអូស្ត្រាលី ហើយដោយសារតែចង់បំពេញបំណងភរិយា លោកក៏ស្របតាមចិត្តអតីតភរិយា បើទោះបីចិត្ត របស់លោកមិនចង់ក្ដី។
ប៉ុន្តែអ្វីដែលជាការពិតនោះ ការចង់ចេញទៅរស់នៅអូស្ត្រាលី គ្រាន់តែជាលេស របស់អតីតភរិយាតែប៉ុណ្ណោះ ពោលគឺអតីតភរិយារបស់លោក បានលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយព្រះសង្ឃព្រះមហា ភុំ មុនីរ័ត្ន ដែលបានទាក់ទងគ្នា តាមបណ្ដាញ សង្គមហ្វេសប៊ុក ហើយបន្ទាប់មក លោកក៏សម្រេចចិត្តលែងលះ តាមប្រព័ន្ធតុលាការ នៅអំឡុងឆ្នាំ២០១៤ ដែលត្រូវបែងចែកឲ្យកូនស្រី២នាក់ ទៅឲ្យខាងអតីតភរិយាគ្រប់គ្រង ហើយលោកទទួលបានសិទ្ធិគ្រប់គ្រង ចិញ្ចឹមកូនប្រុសច្បង។ ក្រោយពេលលែងលះ មិនបានប៉ុន្មានផង អតីតភរិយារបស់លោក ក៏បានរៀបការប្ដីថ្មី គឺជាមួយអតីតព្រះ សង្ឃព្រះមហា ភុំ មុនីរ័ត្ន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។
អ្វីដែលលោក មាស ឡេង មិននឹកស្មានដល់នោះ គឺអំឡុងពេលកូនស្រីទាំង២របស់លោក ទៅរស់នៅជាមួយឪពុកចុង រយៈពេល១ឆ្នាំ ត្រូវបានឪពុកចុង មានឈ្មោះ ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃផងនោះ ធ្វើទារុណកម្មជាច្រើនលើក ហើយមានសភាពធ្ងន់ធ្ងរ បង្កស្លាកស្នាមលើរាងកាយ កូនស្រីទី២ឈ្មោះ ទូច សុម៉ានិតា គួរឲ្យខ្លោចចិត្តបំផុត។
ក្រោយពេលដឹងថា ប្ដីចុងអតីតភរិយារបស់លោក ធ្វើទារុណកម្មលើកូនស្រី ហើយលោកមានទាំងភស្តុតាង និងសាក្សីទៀតនោះ លោកក៏បានដាក់ពាក្យប្ដឹងទាមទារសិទ្ធ គ្រប់គ្រងចិញ្ចឹមកូនទាំង៣មកវិញ។ ប៉ុន្តែនៅពេលដែលលោក ចំណាយអស់ប្រាក់ជាច្រើនម៉ឺនដុល្លារ ដើម្បីប្ដឹងទាមទារ សិទ្ធិគ្រប់គ្រងកូនទាំង៣មកវិញនោះ ស្រាប់តែខាងអតីតភរិយា និងប្ដីចុងប្ដឹងលោកពីបទបង្ឃាំងកូនទុក គឺចង់ប្ដឹងឲ្យលោកជាប់គុក និងទាមទារឲ្យលោកសងជំងឺចិត្ត១០ម៉ឺនដុល្លារទៀតផង៕