(ពោធិ៍សាត់)៖ លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋដែលមានមុខមាត់មិនពេញលក្ខណៈ ឧទាហរណ៍មាត់ឆែប ផ្លែសាច់ សំឡាកធំ និងជើងខ្វេ...ជាដើមប្រញាប់រួសរាន់ចូលរួម ពិគ្រោះយោបល់ និងធ្វើការវះកាត់ដោយឥតគិតថ្លៃ ពីសំណាក់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង របស់អង្កការកុមារ NOMA។
ការពិគ្រោះយោបល់ និងវះកាត់ដោយឥតគិតថ្លៃ នឹងត្រូវធ្វើឡើង នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។
លោកវេជ្ជបណ្ឌិត សំរិទ្ធ ឡាំវិន អ្នកសម្របសម្រួលសមាគម បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ ឲ្យដឹងថា សមាគមមនុស្សធម៌បារាំង បានបង្កើតឡើងនៅឆ្នាំ២០០១មកម្ល៉េះ ដោយបានជួយព្យាបាល ផ្នែកវះកាត់កែមុខមាត់ ដល់កុមារនៅអាហ្វ្រិកនៅម៉ាលី និងនៅប៊ីគីណាហ្វាសសូពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៥ បានជាង៣ពាន់នាក់។ លោកវេជ្ជបណ្ឌិតបន្តថា ការសម្រេចចិត្តមកព្យាបាលនៅប្រទេស កម្ពុជានេះ គឺដោយសារនៅប្រទេសអាហ្វ្រិកអស្ថេរភាព ហើយក្នុងឆ្នាំ២០១៦ សមាគមបានសម្រេច ជ្រើសរើសខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ ដើម្បីធ្វើការវះកាត់ព្រមទាំងបង្រៀនជំនាញវះកាត់មុខមាត់ ដល់គ្រូពេទ្យយើងផងដែរ។
លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង របស់អង្គការកុមារ NOMA ដឹកនាំដោយលោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលលីធី (Dr. Philippe Bellety) និងសម្របសម្រួលដោយ លោកវេជ្ជបណ្ឌិត សំរិទ្ធ ឡាំវិន បានមកព្យាបាលវះកាត់ជំងឺមុខមាត់ ដូចជាមាត់ឆែប ផ្លែសាច់ សំឡាកធំ និងជើងខ្វេ...ជាដើម ដោយឥតគិតថ្លៃ ក្នុងទឹកដីខេត្តពោធិ៍សាត់។ ហើយការព្យាបាលវះកាត់ជាលើកទី៤នេះ បានការគាំទ្រយ៉ាងពេញទំហឹងពីមន្ទីរសុខាភិបាលដោយចាប់ផ្តើម ពិគ្រោះយោបល់ និងធ្វើការវះកាត់ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋឆាប់រួតរះឡើង ពីព្រោះពេលវេលាមានកំណត់៕