(រតនគិរី)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រក្រ ស្ត្រីមេម៉ាយ ជនចាស់ជរាងាយរងគ្រោះ ២០៥គ្រួសារ នៅស្រុកកូនមុំ ខេត្តរតនគិរី។
លោកអភិបាលខេត្ត ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចទាំងពីរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកតា លោកយាយ ពុក ម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនទោះក្នុងកាលៈទេសៈណាក៏ដោយក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច សម្តេចបានលះបង់ជាច្រើនទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុភមង្គល សុខដុមរម្យនាសម្រាប់ប្រជាជាតិទាំងមូល។
លោកអភិបាលខេត្ត បានបញញ្ជាក់ផងដែរអំពីស្ថានការនយោបាយកម្ពុជា ដែលរាជរដ្ឋាភិបាលបានសម្រេចរំលាយគណបក្សនយោបាយមួយ គឺអនុត្តន៍ទៅតាមច្បាប់ ចំពោះបក្សនយោបាយណា ដែលរួមគំនិតជាមួយបរទេស ក្នុងគោលបំណងបំផ្លិចបំផ្លាញប្រទេស និងបង្ករអស្ថេរភាពសង្គម ញុះញ៉ុងឲ្យមានការរើសអើងជាដើម។
«ក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះៗ បានប្រែក្លាយពីស្នូរកាំភ្លើង និងការប្រើប្រាស់អាវុធបង្ហូរឈាម បែរមករកតុចចារ និងនាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នេះមិនត្រូវឲ្យក្រុមជនអគតិមកបំផ្លាញនោះឡើយ»។ លោក ថង សាវុន ថ្លែងអំពាវនាវទៅកាន់ប្រជាពលរដ្ឋ។
នាឱកាសនោះលោកអភិបាលខេត្តរតនគិរី បានប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ អង្ករ២៥គីឡូក្រាម មី និងឃីតមួយកញ្ចប់ ដល់ប្រជាពលរដ្ឋទាំង ២០៥គ្រួសារ ជាមួយនឹងបណ្តាំផ្ញើឲ្យខិតខំថែរក្សាសុខភាព និងការងារបង្ករបង្កើនផលដំណាំផ្សេងៗ៕