(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា និងបេក្ខជនបម្រុងទូទាំងរាជធានីភ្នំពេញ ចំនួន១៣៦នាក់ បានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១៣៦រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្រ្តីគណបក្សសង្គ្រោះជាតិទាំង១៣៦រូបរួមមាន៖ ចៅសង្កាត់៧នាក់, ចៅសង្កាត់រងទី១ ចំនួន៣នាក់, ចៅសង្កាត់រងទី២ ចំនួន៧នាក់, សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន៣៩នាក់, បេក្ខភាពបម្រុងក្រុមប្រឹក្សាសង្កាត់៧៦នាក់ និងនារីសង្កាត់ សកម្មជនអនុភូមិ៤នាក់។
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង១៣៦រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕