(ភ្នំពេញ)៖ សមាគមខ្មែរ និស្សិត និងពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង ប្រទេសស្វីស ប្រទេសអង់គ្លេស និងប្រទេសប៊ែលហ្ស៉ីក បានចេញញត្តិគាំទ្រ យ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល លើសំណុំរឿងបណ្តឹងរំលាយបក្សសង្គ្រោះជាតិ និងការហាមឃាត់សមាជិកជាន់ខ្ពស់ចំនួន ១១៨នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងញត្តិបានបញ្ជាក់ទៀតថា «សាលដីកាសម្រេចរបស់តុលាការកំពូលនេះ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីការអនុវត្តវិធានការនៃច្បាប់ ស្របតាមអង្គហេតុ អង្គសេចក្តី ហើយស៊ីសង្វាក់គ្នាជាមួយនឹងសកម្មភាព របស់គណបក្សសង្គ្រោះជាតិ ក្នុងរយៈពេល៥ឆ្នាំកន្លងមក ដែលបានបង្កចលនាក្នុងសង្គមតាមរយៈកុបកម្ម និងបាតុកម្មហិង្សាជាដើម។ សេចក្តីសម្រេចរបស់តុលាការកំពូល ពិតជារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងស្របតាមច្បាប់ជាធរមាន»។
ជាមួយគ្នានេះ ក្នុងញត្តិទាំងនោះ សមាគមខ្មែរ និស្សិត និងពលរដ្ឋខ្មែរ រស់នៅប្រទេសទាំង៤ ក៏បានគាំទ្រនូវសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ឲ្យជនរួមជាតិរក្សាភាពស្ងៀមស្ងាត់ ដោយរាជរដ្ឋាភិបាលនៅតែបន្តរក្សាការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការការពារដំណើរការលិទ្ធិប្រជាធិបេយ្យ ដើម្បីបុព្វហេតុជាតិ មាតុភូមិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕