(ហូឡង់)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង អាជ្ញាធរអាវុធគីមី នៃក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News ពីប្រទេសហូឡង់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា បន្ទាប់ពីបានជួបពិភាក្សា និងផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធករណីកម្ពុជា បានរកឃើញគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅក្នុងទឹកដីខេត្តស្វាយរៀង ជូនអង្គការហាមឃាត់អាវុធគីមី (Organization for the Prohibition of Chemical Weapons - OPCW) នៃអង្គការសហប្រជាជាតិ នៅប្រទេសហូឡង់រួចមក អង្គការនេះសម្រេចថា នឹងបញ្ជូនក្រុមបច្ចេកទេស មកកាន់កម្ពុជានៅសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក កេ ដា បានបញ្ជាក់យ៉ាងខ្លីយ៉ាងដូច្នេះថា «យើងបានប្រជុំយ៉ាងលម្អិត ជាមួយមន្ត្រីរបស់ OPCW ។ បើសិនជាមិនមានការប្រែប្រួល ប្រតិបត្តិការនឹងចាប់ផ្តើម នៅចុងសប្តាហ៍ទីពីរ ខែធ្នូខាងមុខនេះ»។
សូមជម្រាបថា ការចេញទៅជួបមន្ត្រីអង្គការ OPCW របស់មន្ត្រីជាន់ខ្ពស់អាជ្ញាធរអាវុធគីមីរូបនេះ ធ្វើឡើងបន្ទាប់ពីអង្គការ OPCW បានឆ្លើយតបនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើឲ្យអង្គការមួយនេះ បញ្ជូនក្រុមបច្ចេកទេសខាងអាវុធគីមី ដើម្បីមកពិនិត្យវាយតម្លៃ និងចូលរួមបោសសម្អាតគ្រាប់បែកគីមី ដែលរកឃើញនៅលើទឹកដីខេត្តស្វាយរៀង នៃប្រទេសកម្ពុជា ស្របតាមអនុសញ្ញាស្តីពីអាវុធគីមី របស់អង្គការសហប្រជាជាតិ។
គ្រាប់បែកគីមីដែលទម្លាក់ ដោយសហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរអាវុធគីមី និងស៊ីម៉ាក់ រកឃើញកើនឡើងរហូតដល់២២ទីតាំងថ្មីទៀត នៅក្នុងឃុំគគីរ និងឃុំក្បែរៗនោះ នៃស្រុករមាសហែក ខេត្តស្វាយរៀង។ គ្រាប់បែក១គ្រាប់ ត្រូវបានមន្ត្រីជំនាញដោះបាននៅក្នុង បរិវេណសាលាបឋមសិក្សាគគីរ។ បន្ទាប់ពីធ្វើការពិសោធន៍យ៉ាងយកចិត្តទុកដាក់ មន្ត្រីជំនាញរបស់កម្ពុជា បានវាយតម្លៃថា គ្រាប់បែកនោះជាប្រភេទសារធាតុគីមី Nitrogen Mustard ហៅម្យ៉ាងទៀតថា Blister Agents អាចបង្កទុកទោសយ៉ាងធ្ងន់ធរដល់សុខភាពមនុស្ស ដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម មិនដូចទៅនឹងសេចក្តីថ្លែងការណ៍របស់អាមេរិកដែលថា គ្រាប់បែកនោះត្រឹមតែជាឧស្ម័នបង្ហូរទឹកនោះឡើយ។
ក្រៅពីរកឃើញគ្រាប់បែកជាច្រើនទីតាំងហើយនោះ ប្រជាពលរដ្ឋនៅតំបន់នោះជិត១០០នាក់ ក៏បានរកឃើញរងគ្រោះ ដោយសារសារធាតុគីមីនេះផងដែរ ដោយមួយចំនួនធំ មានបញ្ហារមាស់ស្បែក ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យជាបន្តបន្ទាប់ ខណៈកុមារ៣នាក់កើត មកមានសភាពខុសប្រក្រតី។
បើតាមរបាយការណ៍របស់ស៉ីម៉ាក់ អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាមច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួន ជាង២លាន៥៩ម៉ឺនគ្រាប់ មានទំងន់ជាង២លាន៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ៕