(កំពង់ចាម)៖ អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ ក្នុងខេត្តកំពង់ចាម សរុប៦នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយបានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៦រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៦រូបនេះ រួមមាន៖
ទី១៖លោកស្រី ឌិន សុខលី អាយុ៣៦ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំសូរគង ស្រុកកងមាស
ទី២៖លោក អៀង ហ៊ាប អាយុ៥៥ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំអង្គរបាន ស្រុកកងមាស
ទី៣៖លោកស្រី ទុយ គឹមស៊ាង អាយុ៤០ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំអង្គរបាន ស្រុកកងមាស
ទី៤៖លោកស្រី ភី លឹម អាយុ៦០ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំអង្គរបាន ស្រុកកងមាស
ទី៥៖លោក ស៊ូ ជឺន អាយុ៦៣ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំចំការអណ្ដូង ស្រុកចំការលើ
ទី៦៖លោក យ៉េន អោត អាយុ៦២ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំចំការអណ្ដូង ស្រុកចំការលើ។
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង៦រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕