(ភ្នំពេញ)៖ ដើម្បីពង្រឹងគុណភាពបន្ថែម លើផ្នែកភាសារបរទេស ដល់មន្ត្រីនគរបាលជាតិ សម្រាប់យកទៅប្រើប្រាស់ ក្នុងការចុះបំពេញភារកិច្ចទាំង ក្នុងប្រទេសនិងក្រៅប្រទេស នៅអគ្គស្នងការដ្ឋាននគរបាលជាតិ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបើកវគ្គបណ្តុះបណ្តាលភាសារចិន ដល់មន្ត្រីនគរបាលជាតិ ក្រោមជំនួយឧបត្ថម្ភ ដោយស្ថានទូតចិនប្រចាំ នៅកម្ពុជា តាមរយៈវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា ។
វគ្គបណ្តុះបណ្តាលភាសារចិន ដើម្បីបំពេញបន្ថែមភាសារបរទេស ដល់មន្ត្រីនគរបាលជាតិនេះ បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលបាលជាតិ និងជាប្រធានក្រុមការងារព័ត៍មានទាន់ហេតុការណ៍, លោក លី ជី ភារៈធារីស្ថានទូតចិន ប្រចាំនៅកម្ពុជា និងមានការចូលរួមពី មន្ត្រីនគរបាលជាតិ៦០នាក់ ។
បន្ទាប់ពីស្តាប់ចំណាប់អារម្មណ៍ របស់លោក លី ជី តំណាងស្ថានទូតចិន ប្រចាំនៅកម្ពុជារួចមក នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលបានជាតិបានថ្លែង កោតសរសើដល់មហាចិន ដែលជានិច្ចកាលតែងតែបទពិសោធន៍ ផ្តល់បច្ចេកទេស និងសម្ភារៈជាច្រើនមុខដល់ក្រុមការងារព័ត៍មានទាន់ហេតុ Hotline របស់អគ្គស្នងការនគរបាលជាតិ ។ អ្វីដែលសំខាន់សូមអោយសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀន និងសរសេរភាសារចិន អោយបានស្ទាត់ជំនាញ ដើម្បីជាទុនក្នុងការបំពេញភារកិច្ច និងសហការជាមួយមិត្តចិន ។
លោកបន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានក្រុមហ៊ុនចិនមកវិនិយោគជាង១ពាន់ក្រុមហ៊ុន លើផ្នែកពាណិជ្ជកម្ម កសិកម្ម សំណង់ និងផ្នែកផ្សេងៗជាច្រើនទៀត ដូច្នេះហើយទាមទារអោយកម្លាំងនគរបាលជាតិ ត្រូវសិក្សារៀនសូត្រភាសារចិនបន្ថែមទៀត ព្រោះភាសារចិនមានតម្លៃជាសកល ។
ក្នុងពិធីបើកបង្រៀនភាសារចិន នៅអគ្គស្នងការនគរបាលជាតិនេះ តំណាងស្ថានទូតចិន បានផ្តល់នូវសម្ភារៈមួយចំនួនដល់អគ្គស្នងការនគរបាលជាតិ សម្រាប់បំរើនៅក្នុងក្រុមការងារព័ត៍មានទាន់ហេតុ Hotline ៕