(សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងដឹកនាំការធ្វើសមយុទ្ធយោធាដែនអាកាស នៅខែក្រោយនេះ ដោយមានការចូលរួមពីយន្ដហោះចម្បាំង ២៣០គ្រឿង ដើម្បីសម្ញែងសាច់ដុំ ដាក់កូរ៉េខាងជើង ដែលតែងតែចោទប្រកាន់ថា សមយុទ្ធរវាងសម្ព័ន្ធមិត្តទាំងពីរ គឺការត្រៀមលក្ខណៈប្រកាសសង្រ្គាម ជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ានហាប់ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទន្ទឹមគ្នានេះដែរ បើតាមកងកម្លាំងទ័ពអាកាសអាមេរិកទី០៧ ប្រចាំកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នឹងដឹកនាំការធ្វើសមយុទ្ធយោធាអាកាសរួមគ្នាប្រចាំឆ្នាំឈ្មោះ Vigilant Ace ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែធ្នូខាងមុខនេះ ដោយមានការចូលរួមពីយន្ដហោះចម្បាំង ២៣០គ្រឿង និងកងទ័ពអាមេរិក ១២,០០០នាក់។ កងកម្លាំងទ័ពអាកាសអាមេរិកទី០៧ បានបញ្ជាក់បន្ថែមដូច្នេះថា «សមយុទ្ធយោធាអាកាសនេះ នឹងត្រូវធ្វើឡើង ក្នុងគោលបំណងពង្រឹងអន្តរប្រតិបត្តិការរវាងកងកម្លាំងទ័ពអាកាសអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាបង្កើនសមត្ថភាពប្រយុទ្ធនៃប្រទេសទាំងពីរ»។
គួរបញ្ជាក់ថា បើតាមយ៉ុនហាប់ សហរដ្ឋអាមេរិកក៏នឹងបញ្ជូនក្រុមយន្តហោះចម្បាំងបំបាំងកាយ (មានសមត្ថភាពកិច្ចពីរ៉ាដា) ធុន F-22 Raptor មកកាន់តំបន់ទ្វីបកូរ៉េផងដែរ ខណៈ ក្រុមអ្នកជំនាញព្រមានថា ភាពតានតឹងនឹងផ្ទុះឡើងជាថ្មីជាមួយកូរ៉េខាងជើង ដែលតែងតែថ្កោលទោស និងបាញ់សាកល្បងមីស៊ីល ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕