(ភ្នំពេញ)៖ ពិតជាមានមោទនភាពមែនទែន ដែលស្ករត្នោតកម្ពុជា បានឈ្នះមេដាយមាស ប្រចាំតំបន់អាស៊ាន ដែលជាផលិតផលល្អបំផុតលើកដំបូង ប្រចាំអាស៊ាន។ នេះបើតាមការឲ្យដឹងពីលោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុន Confirel ។
ថ្លែងប្រាប់សារព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ឹម ពិសិដ្ឋ បានថ្លែងឲ្យដឹងថា កាលពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆាំ២០១៧ មានការរៀបចំសន្និសីទម្ហូបអាហារអាស៊ានលើកទី១៥ ក្នុងនោះក៏មានការប្រកួតប្រជែងលើ ចំណីអាហារក្នុងតំបន់
ដោយតម្រូវឲ្យយកផលិតផលណាដែល មានគុណភាពល្អជាងគេ ក្នុងប្រទេសមកប្រកួតប្រជែង ក្នុងនោះកម្ពុជាបានយកស្ករត្នោតកំពង់ស្ពឺ ទៅចូលរួមប្រកួតប្រជែង និងបានឈ្នះមេដាយមាសលេខ១ប្រចាំតំបន់។
លោកបានបន្ដទៀតថា «នេះជាមោទនភាពមួយ ដែលស្ករត្នោតរបស់ជាតិខ្មែរ បានចូលរួមប្រកួតប្រជែងក្នុងតំបន់អាស៊ាន និងបានឈ្នះមេដាយមាសលំដាប់ថ្នាក់លេខ១ នេះក៏សរបញ្ជាក់ឲ្យប្រទេសជាសមាជិកដឹង និងស្គាល់ផលិតផលរបស់ខ្មែរ ដែលមានគុណភាពល្អ»។
លោកបានបញ្ជាក់ទៀតថា កត្តាដែលស្ករត្នោតកម្ពុជា ដណ្ដើមបានពាន់រង្វាន់មេដាយមាសប្រចាំអាស៊ាន អាស្រ័យទៅលើកត្តាច្រើនយ៉ាងរួមមាន៖ ស្ករត្នោតរបស់ខ្មែរ ជាផលិតផលសិរីរាង្គ ដែលត្រូវបានទទួលស្គាល់ដោយសហគមអឺរ៉ុប, ផលិតផលសិរីរាង្គស្របតាមស្ដង់ដាររបស់សហរដ្ឋអាមេរិក និងស្របតាមស្ដង់ដាររបស់ប្រទេសជប៉ុន។ ក្រោយពីមានការទទួលស្គាល់ គុណភាពដោយប្រទេសទាំងបីនេះហើយ ស្ករត្នោតរបស់កម្ពុជា ជាជំនួញសមធម៌ ដែលបានជួយប្រជាជនយ៉ាងច្រើន នៅកម្ពុជាឲ្យមានការងារធ្វើ ពិសេសប្រជាពលរដ្ឋ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
លោកបន្ថែមថា ពីមុនស្ករត្នោតកម្ពុជាមិនសូវតម្លៃប៉ុន្មាននោះទេ ប៉ុន្ដែឥឡូវនេះក្រុមហ៊ុនបាននាំស្ករត្នោតពីខេត្តកំពង់ស្ពឺចូល ក្នុងទីផ្សារទីក្រុងភ្នំពេញ និងភ្ជាប់ពីទីផ្សារក្រុងភ្នំពេញទៅទីផ្សារអន្ដរជាតិ ដើម្បីឲ្យគេស្គាល់ពីផលិតផលខ្មែរកាន់តែច្រើន។ ស្ករត្នោតនេះ ក៏មានការទទួលស្គាល់ច្រើនពីបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប និងក្នុងតំបន់ផងដែរ ហើយនេះជាការលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការបន្ដការងារនេះបន្ថែមទៀត។
សូមបញ្ជាក់ថា នេះជាលើកទី២ ហើយដែលស្ករត្នោតកម្ពុជាបានឈ្នះមេដាយមាស ដែលលើកទី១ ទទួលបានមេដាយមាស នៅក្នុងតំបន់អឺរ៉ុប កាលពីឆ្នាំ២០០៥៕