Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋបារម្ភពីទឹកស្ទឹងសង្កែ និងស្ទឹងពោធិ៍សាត់ហក់ឡើងខ្ពស់ តែប្រធានមន្ទីរធនធានទឹកថា ទឹកកំពុងស្រុតចុះវិញហើយ

24-11-2017 17:06

(បាត់ដំបង-ពោធិ៍សាត់)​៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង និងស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានបង្ហាញពីការព្រួយបារម្ភខ្លាំង ចំពោះទឹកស្ទឹងទាំងពីរនេះ ដែលកំពុងហក់ឡើងយ៉ាងខ្មួរខ្មាញ់ បណ្ដាលឲ្យពេញប្រៀបតាមមាត់ច្រាំង និងជនលិចទីទំនាបមួយចំនួនផងដែរ។

ការភ្ញាក់ផ្អើលនេះ ត្រូវបា​នលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានបញ្ជាក់នារសៀលថ្ងៃទី២៤ ខែវិច្ឆិកានេះថា គ្មានបញ្ហាអ្វីប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ ពោលគ្រាន់តែក្រុមការងារបើកទ្វារអាងទឹក បង្ហូរទឹកចេញមួយចំនួនប៉ុណ្ណោះ ហើយទឹកស្ទឹងទាំងពីរនេះ ក៏កំពុងស្រុតចុះទៅវិញផងដែរ។

ប្រធានមន្ត្រីធនធានទឹកខេត្តបាត់ដំបងបានបន្តថា ទឹកស្ទឹងសង្កែដែលហក់ឡើងខ្ពស់នេះ ក៏ដោយសារទឹកភ្លៀងខ្លាំងនៅស្រុកសំឡូត ហូរតាមស្ទឹងគ្រញូងចូលមកអាងផ្ទុកទឹកពហុបំណងសេកសក លើសចំណុះ ហើយមន្ទីរជំនាញបានបើកទ្វារទឹកបង្ហូររំដោះទឹកនេះ ទម្លាក់មកក្នុងទឹកចូលស្ទឹងសង្កែ អស់រយៈពេលមួយថ្ងៃហើយ ទើបធ្វើឲ្យទឹកស្ទឹងឡើងពេញប្រៀប និងជន់លិចតាមទីទំនាបមួយចំនួន។

ទោះយ៉ាងណា លោកបានបញ្ជាក់ថា នៅថ្ងៃសុក្រនេះ មន្ទីរជំនាញបានបិទទ្វារអាងទឹកវិញហើយ ដូច្នេះទឹកស្ទឹងសង្កែមិនអាចឡើងដល់កម្រិតប្រកាសអាសន្ន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មទៀតឡើយ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះគីរ៉ូជី បណ្តាលឲ្យរាជធានី-ខេត្តមួយចំនួន ពិសេសខេត្តជាប់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗទៀតផង៕