(រតនគិរី)៖ ផ្លូវមួយខ្សែប្រវែង១,២០០ម៉ែត្រ ស្ពានថ្មបេតុងឆ្លងកាត់ប្រឡាយ ០១កន្លែង ស្ថិតក្នុងឃុំល្បាំង១ និងល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានសាងសង់ និងជួសជុលរួចរាល់ និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ហើយនៅថ្ងៃសុក្រ ០៦កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ប្រជាពលរដ្ឋក្នុងស្រុកលំផាត់ បានសម្តែងក្តីសប្បាយរីករាយ និងត្រេកអរជាមួយសមិទ្ធផលផ្លូវ និងស្ពានថ្មបេតុងនេះ ព្រោះបានរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ពួកគាត់ផងដែរ។ លោក ថង សាវុន អភិបាលខេត្តរតនគិរី ក្នុងពេលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងស្ពាននេះ បានសុំឲ្យប្រជាពលរដ្ឋជួយថែទាំទាំងអស់គ្នា ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ អភិបាលខេត្តរតនគិរី បានផ្តាំផ្ញើប្រជាពលរដ្ឋឲ្យខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលស្រូវ និងផលដំណាំនានា និងខិតខំថែរក្សាសុខភាពនារដូវត្រជាក់នេះ។ ទន្ទឹមនេះ មាតាបិតា អាណាព្យាបាលត្រូវបញ្ជូនកូនៗឲ្យទៅសិក្សារៀនសូត្រឲ្យបានគ្រប់ៗគ្នា និងត្រូវបង្កើនស្មារតីសហគមន៍ក្នុងការជួយថែរក្សា សមិទ្ធផលនៅក្នុងភូមិករឲ្យប្រើប្រាស់បានយូរអង្វែង។
ចំពោះបញ្ហាសន្តិសុខជាតិ លោក ថង សាវុន បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំទប់ស្កាត់រាល់បាតុភាពទាំងឡាយណា និងជនទាំងឡាយណាដែលមានបំណងចង់បង្ករភាពអសន្តិសុខ វិនាសកម្ម ដល់ប្រទេស និងប្រជាជន មិនអាចឲ្យជនណាម្នាក់មកបំផ្លាញសេចក្តីសុខ សន្តិភាពរបស់ជាតិយើងបានឡើយ ។
នៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ថង សាវុន អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពមួយចំនួន បានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រស្ថិតនៅក្នុងឃុំល្បាំង១ និងឃុំល្បាំង២ និងការងារបង្ករបងើនផលស្រូវរបស់ប្រជាពលរដ្ឋនៅឃុំល្បាំង២ ដែលបច្ចុប្បបន្នកំពុងធ្វើការប្រមូលផលបានប្រមាណ៧០%។
តាមការឲ្យដឹងពីលោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខត្ត នៅក្នុងឃុំល្បាំង១ និងល្បាំង២ មានប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពផ្គត់ផ្គងផ្ទៃដីកសិកម្មប្រមាណជាង ៧០០ហិកតា ទាំងរដូវប្រាំង និងរដូវវស្សា។
យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការប្រមូលផលស្រូវទូទាំងខេត្ត អនុវត្តបាន ១៥,៩០១ហិកតា ស្មើ៦០% លើផ្ទៃដីប្រមូលផល ២៦,១០៧ហិកតា ទិន្នផលមធ្យម ២,២២តោន/ហិកតា។
លោកអភិបាលខេត្ត បានជំរុញណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធធ្វើយ៉ាងណាជំរុញឲ្យប្រជាពលរដ្ឋបង្ករបង្កើនផលកសិកម្មឲ្យអស់លទ្ធភាព និងជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសមួយចំនួន ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់ មានគុណភាពល្អ ជំរុញការស្វែងរកទីផ្សារ និងរៀបចំប្រព័ន្ធធារាសាស្ត្រធានាឲ្យការស្រោចស្រពគ្រប់គ្រាប់សម្រាប់ការងារកសិកម្ម៕