(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃ និងសុវត្ថិភាពរបស់កូរ៉េខាងត្បូង បានចុះអនុស្សរណៈយោគយល់គ្នា ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ចាប់ពីពេលនេះតទៅមុខទៀត ក្រោយទំនាក់ទំនងប្រទេសទាំងពីរបានបន្តជីវិតជាថ្មី តាំងពី២០ឆ្នាំមុនមក។
ការចុះហត្ថលេខាលើអនុស្សរណៈខាងលើ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ជាមួយលោក ស៊ីម បូយគីន អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅក្រសួងមហាផ្ទៃកម្ពុជា។
មុននឹងឈានដល់កិច្ចចុះអនុស្សរណៈនេះ ប្រមុខក្រសួងមហាផ្ទៃប្រទេសទាំងពីរ បានពិភាក្សាការងារជាមួយគ្នាអស់មួយអន្លើ ក្នុងនោះសម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជា នៅតែមានឆន្ទៈខិតខំបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកូរ៉េកាន់តែស៊ីជម្រៅជាងមុន។
លោកអនុរដ្ឋមន្ត្រីកូរ៉េ បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសបានជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងសង្គមជាមួយកូរ៉េខាងត្បូង កាន់ប្រសើរឡើងផងដែរ។
លោក បូយគីន បានជម្រាបថា ដោយសារនៅប្រទេសកូរ៉េខាងត្បូង មានគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ទើបលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េ អវត្តមានមិនបានអញ្ជើញមកកម្ពុជាផ្ទាល់តាមការគ្រោងទុក ដូច្នេះទើបលោកអនុរដ្ឋមន្ត្រី ស៊ីម បូយគីន អញ្ជើញមកជំនួស។ ក្រោយទទួលបានដំណឹងនេះហើយ សម្ដេចក្រឡាហោម ស ខេង ក៏បានជូនពរចំពោះរដ្ឋាភិបាលកូរ៉េ ឲ្យឆាប់បានទទួលបានជោគជ័យ ក្នុងការជួយសង្គ្រោះប្រជាជនរបស់ខ្លួន។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៧នេះ ទំនាក់ទំនងប្រទេសកម្ពុជា-កូរ៉េមានជីវិតរយៈពេល ២០ឆ្នាំ មកហើយ ថ្វីត្បិតតែរយៈពេលនេះខ្លីក៏ពិតមែន តែប្រទេសប្រទាំងពីរសម្រេចបាននូវទំនាក់ទំនង ទាំងការផ្លាស់ប្ដូរទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជន និងប្រជាជន បានយ៉ាងល្អត្រចះត្រចង់ តួយ៉ាងក្នុងរយៈពេលចុងក្រោយនេះ ទេសចរកូរ៉េបានមកទស្សនាកម្ពុជាយ៉ាងច្រើនរហូតដល់ទៅជាង ៤០ម៉ឺននាក់ ក្នុងមួយឆ្នាំ៕