(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ទាំងក្មេង ទាំងចាស់ ជាពិសេសយុវវ័យ កំពុងតែមានការពេញនិយម ក្នុងការទទួលទានកាហ្វេ ដែលមានម៉ាកយីហោ (Brand) ល្បីៗ ជារៀងរាល់ថ្ងៃនោះ នៅថ្ងៃនេះ ម៉ាកកាហ្វេដ៏ល្បីល្បាញមួយទៀត របស់ប្រទេសថៃ មានឈ្មោះថា «Arabitia» ដែលជាសាខាទី៥ របស់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក បានបើកបម្រើអតិថិជន គ្រប់ស្រទាប់វណ្ណៈ ដោយបានធ្វើពិធីសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីសម្ពោធ បើកបម្រើអតិថិជនជាផ្លូវការ នូវហាងកាហ្វេល្បីឈ្មោះនេះ គេសង្កេតឃើញ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ គឺលោក ណារិត ថាំកឿគុណ ដែលជាអគ្គនាយកក្រុមហ៊ុន CP, លោក ឧកញ៉ា ស៊ូ វីរៈ ម្ចាស់ហាងកាហ្វេ «Arabitia» ដែលទទួលសិទ្ធិលក់បន្តពីប្រទេសថៃ, លោក ឃ្លាំង ហួត អភិបាលខណ្ឌ ជ្រោយចង្វារ ព្រមទាំងលោក លោកស្រី ដែលជាពាណិជ្ជករ និងដៃគូពាណិជ្ជកម្ម ជាច្រើននាក់ទៀត។
លោកឧកញ៉ា ស៊ូ វីរៈ ម្ចាស់ហាងកាហ្វេ «Arabitia» ដែលបានទទួលសិទ្ធិផ្ដាច់មុខលក់បន្ត ពីប្រទេសថៃ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលជាង៩ខែមកនេះ ក្រុមហ៊ុនបានបើកសម្ពោធ សាខារបស់ខ្លួន ចំនួន៤រួចមកហើយ ខណៈដែលការសម្ពោធនៅថ្ងៃនេះ ជាសាខាទី៥ និងសាខាដែលកំពុងតែសាងសង់ និងត្រៀមសម្ពោធបន្ថែមទៀត មានចំនួន១៥ ដែលសរុបបច្ចុប្បន្ន មានចំនួន២០ នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ លោកថ្លែងបន្តថា ទោះបីជាក្រុមហ៊ុនរបស់យើង ទើបតែបើកដំណើរការ បានរយៈពេលខ្លីពិតមែន ប៉ុន្តែយើងបានពង្រីកខ្លួន យ៉ាងឆាប់រហ័ស ដោយបានបើកសាខាថ្មីជាបន្តបន្ទាប់ និងទទួលបានការគាំទ្រយ៉ាងច្រើន ពីដៃគូពាណិជ្ជកម្ម និងអតិថិជន។ ភាពជោគជ័យនេះ កើតមានឡើងបានដោយសារតែក្រុមហ៊ុន មានការតាំងចិត្តច្បាស់លាស់ ចំពោះអតិថិជន និងផ្ដល់ជូននូវគុណភាព អនាម័យ រសជាតិ និងសេវាកម្មរហ័សទាន់ចិត្ត។
ម្ចាស់ហាងកាហ្វេ «Arabitia» ដដែលរូបនេះ បានបន្តថា ឆ្លើយតបទៅនឹងការគាំទ្រ កាន់តែច្រើនពីអតិថិជន ក្រុមហ៊ុននឹងពង្រីកសាខាថ្មីបន្ថែមទៀត ឲ្យបាន៤០សាខា ត្រឹមដំណាច់ឆ្នាំ២០១៨ ដើម្បីនាំផលិតផលរបស់ខ្លួន ឲ្យកាន់តែកៀកដល់ដៃអតិថិជន អាចបំពេញតម្រូវការយ៉ាងឆាប់រហ័ស និងធានាបាននូវរសជាតិដើម ជាមួយនឹងសេវាកម្មកាន់តែល្អ នៅគ្រប់សាខាទាំងអស់ ដែលនេះជាការតាំងចិត្ត រយៈពេលវែងចំពោះអតិថិជន។
លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ជាការពិតណាស់បច្ចុប្បន្ននេះ មានហាងកាហ្វេល្បីៗជាច្រើន បានរីកដុះដាលព្រោងព្រាត ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែហាងកាហ្វេទាំងនោះ មានគោលដៅទៅលើអតិថិជនខុសៗគ្នា ហាងកាហ្វេខ្លះ ផ្ដោតសំខាន់លើមនុស្សចាស់ និងហាងខ្លះផ្ដោតសំខាន់លើយុវវ័យ ប៉ុន្តែសម្រាប់ហាងកាហ្វេ «Arabitia» គឺយើងមានគោលដៅ ផ្ដោតសំខាន់លើមនុស្សគ្រប់វ័យទាំងអស់ មិនថាចាស់ ក្មេង យុវវ័យ ឬមនុស្សក្នុងឋានៈណានោះទេ ពោលគឺយើងមានការរចនា ផ្ទៃហាងទាំងមូល តម្រូវតាមចិត្តអតិថិជនទាំងអស់។
ម្យ៉ាងវិញទៀត អ្វីដែលលោកឧកញ៉ា មិនបានភ័យព្រួយចំពោះការ ប្រកួតប្រជែងលើទីផ្សារកាហ្វេ នាពេលបច្ចុប្បន្ននេះ គឺហាង «Arabitia» បានយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពនៃរសជាតិ អនាម័យ តម្លៃ និងសេវាកម្មដ៏ល្អ ដល់អតិថិជនទាំងអស់ ខណៈដែលហាង ក៏មានបម្រើជូននូវម្ហូបអាហារ មានរសជាតិឆ្ងាញ់ ទាំង៣ពេល ជូនដល់អតិថិជន ផងដែរ។
សូមបញ្ជាក់ថា ហាងកាហ្វេ «Arabitia» គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ ដែលបានផ្ដល់នូវការជឿទុកចិត្ត ដល់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក តាមរយៈការផ្ដល់សិទ្ធិផ្ដាច់មុខ ក្នុងការបើកដំណើរការ និងលក់សិទ្ធិបើកបន្តហាងកាហ្វេ «Arabitia» ក្នុងប្រទេសកម្ពុជា៕