(ភ្នំពេញ)៖ តាមសេចក្ដីរាយការណ៍ពីមន្ដ្រីនគរបាល បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី ដឹកជញ្ជូនសារធាតុញៀន ប្រភេទកូកេអ៊ីនពី «Cocaine» ពីប្រទេសប្រេស៊ីលមកកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជិត១គីឡូក្រាម ដោយលាក់ក្នុងម័រទីស័ររថយន្ត។

មន្ដ្រីនគរបាលបានបន្ដទៀតថា ប្រតិបត្ដិការនេះ ដោយមានការសំរបសំរួល ដឹកនាំពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន «ក១» បានសហការជាមួយ សមត្ថកិច្ចគយប្រចាំឃ្លាំង នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមន្ត្រីរបស់នាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនមួយ បានដំណើរការស្រាវជ្រាវបង្ក្រាប ករណីដឹកជញ្ជូនឆ្លងកាត់សារធាតុញៀន «កូកេអ៊ីន» នៅវេលាម៉ោង១៨៖១០ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

មន្ដ្រីនគរបាល បានបន្ដទៀតថា ជនសង្ស័យនេះ ឈ្មោះ សោម វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ «ជាអ្នកចាំទទួលកញ្ចប់បញ្ញើរ», រស់នៅភូមិសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ។ ដកហូតវត្ថុតាងបានសារធាតុញៀន «Cocaine» ទម្ងន់ ៧៩៣.៥៦ ក្រាម «លាក់ទុកក្នុង ម័រទីស័រ រថយន្ត»៕