(កំពង់ចាម)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំខ្ចៅ និងបេក្ខជនក្រុមប្រឹក្សា, ពេញសិទ្ធិ, បម្រុងឃុំ នៅស្រុកជើងព្រៃ និងស្រុកកងមាស ខេត្តកំពង់ចាម សរុប៧នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។  

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​ទាំង៧រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីត​មន្ដ្រីគណបក្សសង្គ្រោះជាតិ​​ទាំង៧រូបនោះ រួមមាន៖

ទី១៖ លោក សេច សម្បត្តិ អតីតបេក្ខជនពេញសិទ្ធិ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ទី២៖ លោកស្រី គី សុភាព អតីតបេក្ខជនបម្រុង ឃុំកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
ទី៣៖ លោក ជា អឿន អតីតសមាជិកក្រុមប្រឹក្សា ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម
ទី៤៖ លោក ឡាច ឈួ អតីតបេក្ខជនក្រុមប្រឹក្សា ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម
ទី៥៖ លោក ខាត់ ឡេង អតីតបេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
ទី៦៖ លោក សាន ជៀង អតីតបេក្ខជនបម្រុង ឃុំព្រែកកាយ ស្រុកកងមាស ខេត្តកំពង់ចាម
ទី៧៖ លោក ផន ខុម អតីតបេក្ខជនក្រុមប្រឹក្សា ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​​​ទាំង៧រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕