(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះយើងឃើញថា វិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ) កំពុងតែកើនឡើងយ៉ាងខ្លាំងក្លា ក្នុងប្រទេសកម្ពុជា ដោយមើលឃើញនូវការរីកចំរើន និងតម្រូវការផ្គត់ផ្គង់ខាងផ្នែកវិស័យនេះ ហេតុដូច្នេះទើបក្រុមហ៊ុន Campura Triangulum Corporation បានសហការជាមួយ ក្រុមហ៊ុន XPossible Technologies ដែលជាក្រុមហ៊ុនល្បីល្បាញ ខាងផ្នែកបច្ចេកវិទ្យា សម្រាប់ផ្គត់ផ្គង់វិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ) លើប្រព័ន្ធអ៊ីនធឺណេត សម្រេចធ្វើសិក្ខាសាលាមួយស្តីពី «ដំណោះស្រាយផ្នែកបដិសណ្ឋារកិច្ច»។

សិក្ខាសាលា «XPOSSIBLE-CAMPURA Hospitality Solutions Roadshow» ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ Sun &Moon Urban Hotel មានការចូលរួមពីសិក្ខាកាម ដែលមានជំនាញផ្នែកបច្ចេកវិទ្យា នៅតាមបណ្តាសណ្ឋាគារល្បីៗ នៅក្នុងប្រទេសកម្ពុជា។

លោក ឈីវ សក្តដា ជាតំណាងក្រុមហ៊ុន Campura បានថ្លែងអំណរគុណយ៉ាងក្រៃលែងទៅដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្ខាសាលា នាពេលព្រឹកនេះ ហើយលោកបានឲ្យដឹងថា គោលបំណងនៃសិក្ខាសាលាថ្ងៃនេះ គឺចង់ឱ្យអតិថិជនបានស្គាល់នូវផលិតផលរបស់ក្រុមហ៊ុន XPossible Technologies ដែលបានចាប់ផ្តើមការអភិវឌ្ឍនៃ XPossible អ៊ីនធឺណែត និងគ្រប់គ្រងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណេត ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ថ្ងៃនេះ។ សព្វថ្ងៃបណ្តាសណ្ឋាគារ នៃវិស័យបដិសណ្ឋារកិច្ច ជាង ៤០០ស្ថាប័ន បានប្រើប្រាស់សេវាកម្មនេះ ក្នុងដំណោះស្រាយផ្សេងៗ ដែលកំពុងតែមានតម្រូវការប្រព័ន្ធអ៊ីនធឺណេត។

ជាមួយគ្នានេះដែរ ដើម្បីឲ្យកាន់តែស្គាល់ច្បាស់អំពីសេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុន XPossible Technologies លោក Clemence Tee ដែលជាអ្នកគ្រប់គ្រងផ្នែកជំនួញ បានធ្វើបទបង្ហាញបន្ថែមជូនសិក្ខាកាមទាំងអស់ ពីសេវាកម្មផ្សេងៗដូចជា៖ XPossible Connect Internet & Billing Management Gateway, XPossible Cloud Digital Signage and XPossible Hotel IPTV System។

លោកក៏បានគូសបញ្ជាក់បន្ថែមទៀត អំពីសារៈសំខាន់របស់ក្រុមហ៊ុន XPossible Technologies មានដូចជា អភិវឌ្ឍបច្ចេកវិទ្យាធ្វើឱ្យមានដំណើរការល្អ នៃប្រព័ន្ធភ្ជាប់អ៊ិនធឺណែត ដើម្បីឱ្យមានបានភាពងាយស្រួល សម្រាប់អ្នកប្រើបា្រស់ និងគ្រប់ទីកន្លែង រួមនឹងចែករំលែកបទពិសោធន៍ XPossible ដល់អតិថិជន ដើម្បីអនុញ្ញាតឱ្យពួកគេដើម្បីបានបង្កើនប្រាក់ចំណេញ និងផលប្រយោជន៍ពីការវិនិយោគ, ប្រើ Open Source Platform ដែលមានសក្តានុពល ដើម្បីបង្កើតឡើងនូវផលិតផលមួយ ដែលមានតំលៃសមរម្យ ប៉ុន្តែផ្តល់នូវប្រសិទ្ធិភាពខ្ពស់ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជននាពេលអនាគត។

សម្រាប់ លោក ឡុង ឈុនហ៊ួរ អ្នកគ្រប់គ្រងជំនួញនៅកម្ពុជា ក្រុមហ៊ុន Cisco ក៏បានបង្ហាញអំពីសារៈប្រយោជន៍ របស់ផលិតផល CISCO Hospitality Network Solutions ជូនដល់អតិថិជន អោយយល់កាន់តែច្បាស់ពីផលិតផល Cisco នេះផងដែរ។ ចុងក្រោយលោកបានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែបន្តគាំទ្រផលិតផល Cisco នាពេលកន្លងមក ហើយលោកសង្ឃឹមថា អតិថិជននិងជួយបន្តគាំទ្រផលិតផលមួយនេះទៀត៕