(កំពង់ចាម)៖ អតីតបេក្ខជនក្រុមប្រឹក្សាឃុំ និងបេក្ខជនបម្រុងនៅឃុំរាយប៉ាយ ឃុំរកាគយ ស្រុកកងមាស និងសង្កាត់សំបួរមាស នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម សរុប៤នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយបានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត បានឃើញនូវអំពើក្បត់ជាតិ របស់មេគណបក្ស សង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៤រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានកាត់ទោសរំលាយ គណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៤បនេះ រួមមាន៖
ទី១៖ លោក ហែម ចន្ថា ជាអតីតក្រុមប្រឹក្សា ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម
ទី២៖ លោកស្រី យិន សុភាព ជាអតីតក្រុមប្រឹក្សា ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម
ទី៣៖ លោកស្រី ទួន ហួយ អតីតបេក្ខជនបម្រុងលំដាប់លេខរៀងទី៩ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម
និងទី៤៖ លោក កាន់ ប្រុស អតីតបេក្ខជនបម្រុងលំដាប់លេខរៀងទី៩ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក គួច ចំរើន បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង៤រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាន និងកំពុងកើនឡើងយ៉ាងខ្លាំងហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះ ចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះ ធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គ.ជ.ប៕