(ភ្នំពេញ)៖ មូលនិធិ «AEON 1% Club» ជាមូលនិធិមួយដែលបានដកយកប្រាក់ចំណេញ ១ភាគរយពីផ្សារ AEON ដើម្បីធ្វើសកម្មភាពមនុស្សធម៌ និងការបណ្តុះបណ្តាល។ មកដល់ពេលបច្ចុប្បន្នមូលនិធិនេះ បានជួយឲ្យយុវជនកម្ពុជា ៧៦រូប បានទទួលការអប់រំនៅប្រទេសជប៉ុន ជួយសាងសង់សាលានៅកម្ពុជា ១៥០កន្លែង ព្រមទាំងបានផ្តល់ជំនួយមនុស្សធម៌ដល់កុមារពិការដោយសារគ្រាប់មីនផងដែរ។
លោក Hiroshi Tokoo អ្នកគ្រប់គ្រងមូលនិធិ «AEON 1% Club» បានបញ្ជាក់ថា មូលនិធិ «AEON 1% Club» បានផ្តល់ថវិកាដល់យុវជនកម្ពុជា ៧៦រូបបានទទួលការអប់រំនៅប្រទេសជប៉ុន កសាងសាលានៅកម្ពុជា ១៥០កន្លែង និងជំនួយមនុស្សធម៌ជាច្រើននៅកម្ពុជា។ មូលនិធិនេះ ក៏បានជួយឲ្យយុវជនជប៉ុនជាច្រើននាក់ បានមកទស្សនកិច្ចនៅកម្ពុជា សិក្សា និងស្វែងយល់ពីវប្បធម៌របស់កម្ពុជាផងដែរ។
លោក Hiroshi Tokoo បានថ្លែងដូច្នេះ ក្នុងពិធីជួបជុំទូតវ័យក្មេងកម្ពុជា និងជប៉ុន នៅសាលប្រជុំស្ថានទូតជប៉ុន ក្រោមវត្តមានលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួងអប់រំកម្ពុជា រួមជាមួយភ្ញៀវជាតិ អន្តរជាតិ ជាច្រើនាក់ នាថ្ងៃយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Hiroshi Tokoo បានឲ្យដឹងថា មូលនិធិ «AEON 1% Club» មានសកម្មភាពធំៗចំនួន៣ រួមមាន៖ ទី១. ផ្តោតទៅលើយុវជនដើម្បីពង្រីកសុបិន្ត របស់ពួកគេទៅថ្ងៃអនាគត, កសាងសាលារៀន, ទី២៖ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងបណ្តាលប្រទេសផ្សេងៗក្នុងតំបន់ ដូចជា៖ ចិន អាស៊ីអាគ្នេយ៍ជាដើម និងទី៣៖ ជួយអភិរក្សនូវវប្បធម៌ចាស់ៗរបស់ជប៉ុន។
លោក Hiroshi Tokoo បានឲ្យដឹងដែរថា សកម្មភាពដំបូងរបស់មូលនិធិ «AEON 1% Club» ដំបូងឡើយធ្វើតែលើកុមាររងគ្រោះដោយសារគ្រាប់មីននៅកម្ពុជាទេ ដោយផ្តល់ជាជើងសិប្បនិមិត្តដល់កុមាររងគ្រោះនៅខេត្តបាត់ដំបង។ លុះក្រោយមកមូលនិធិនេះ បានធ្វើសកម្មភាពសាលាបឋមសិក្សាដល់បណ្តាលប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះកម្ពុជាទទួលបានជំនួយជាសាលារៀនច្រើនជាងគេ។
តាមរយៈមូលនិធិនេះ លោក Hiroshi Tokoo សង្ឃឹមថា ក្រុមទូតវ័យក្មេងទាំងអស់នេះនឹងបានស្វែងយល់ពីភាពចម្រុះគ្នារវាងប្រជាពលរដ្ឋទាំងប្រទេសពីប្រពៃណី ទំនៀមទម្លាប់ រវាងគ្នា និងគ្នា។ ជាពិសេសធ្វើឲ្យពួកគាត់រស់នៅចុះសម្រុងគ្នាដោយមិនប្រកាន់ពូជសាសន៍ ដែលជាផ្នែកមួយធ្វើឲ្យសន្តិភាពពិភពលោក និងក្នុងតំបន់មានស្ថេរភាពជានិរន្តរ៍៕