(ភ្នំពេញ)៖ កម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា ២០១៧ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានរកឃើញម្ចាស់មកុដគឺកញ្ញា សៅ សូត្រទំរង់ពេជ្រ សិក្សាជំនាញភាសាអង់គ្លេស (TESOL) មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ និស្សិតស្រីឆ្នើមវ័យ ២៣ឆ្នាំរូបនេះ បានយកឈ្នះកញ្ញាឯក ១៩ រូបផ្សេងទៀត ហើយនាងនឹងត្រូវតំណាងអោយប្រទេសកម្ពុជា ចូលរួមការប្រកួតក្នុងកម្មវិធីបវរកញ្ញាសាកលវិទ្យាល័យពិភពលោកអន្តរជាតិ ២០១៧ វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ នៅឯសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។
ដោយឡែកជ័យលាភី ៤ រូបផ្សេងទៀតនៅក្នុងកម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា ២០១៧ មានដូចតទៅ៖
- ជ័យលាភីលេខ២ គឺបានទៅលើ កញ្ញា សំណាង អាលីនា ជាកញ្ញាឯកគុណធម៌ មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ។
- ជ័យលាភីលេខ៣ គឺបានទៅលើកញ្ញា ឡៃ ដាលីន ជាកញ្ញាឯកសម្បទាមាំមួន និងកញ្ញាឯកគ្រងឈុតប្រពៃណីខ្មែរស្រស់ស្អាតជាងគេ មកពីសាកលវិទ្យាល័យកម្ពុជា ។
- ជ័យលាភីលេខ៤ គឺបានទៅលើ កញ្ញា លី សុខភីរីកា ជាប់ជាកញ្ញាឯកសន្តិភាព មកពីសាកលវិទ្យាល័យមេគង្គកម្ពុជា ។
- ជ័យលាភីលេខ៥ គឺបានទៅលើ កញ្ញា លឹម ណយ ជាកញ្ញាឯកស្ម័គ្រចិត្ត មកពីសាកលវិទ្យាល័យវេស្ទើន ។
ព្រឹត្តិការណ៏ដ៏អស្ចារ្យ លើកទី២៨ នេះ បានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ជាច្រើន ដែលតំណាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសមាជិកនៃគណកម្មាធិការរៀបចំការប្រកួតកម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោកមកពីប្រទេសកូរ៉េ ក៏ដូចជាភ្ញៀវមកពីក្រុមហ៊ុនធំៗ និងម្ចាស់អាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសជាច្រើនរូបទៀតផង ។
សូមបញ្ជាក់ថាគោលដៅនៃកម្មវិធីនេះគឺស្វែងរកកញ្ញាឯកតំណាងទីភ្នាក់ងារ «PEACE CORPS » ដើម្បីលើកកម្ពស់សន្តិភាពពិភពលោកតាមរយៈ «ចលនាសន្តិភាពសម្រាប់ការបង្រួបបង្រួមពិភពលោក» «ក្នុងពិភពលោកមួយ មនុស្សធម៌ ប្រៀបបានដូចជាបងប្អូនប្រុសស្រី» និង «ចលនាបរិស្ថាននៃមនុស្សធម៌ដើម្បីរស់នៅលើភពផែនដី»
សូមតាមដានកម្មវិធី និងជួយគាំទ្រកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧ លើទំព័រហ្វេសប៊ុកផ្លូវការណ៏៖ @WorldMissUnversityCambodia ៕