(ស្វាយរៀង)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណេះដឹង ស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសជប៉ុន ដើម្បីចែករំលែកដល់សិក្ខាកាម កម្មសិក្សាការីនៃកម្មវិធីបណ្តុះបណ្តាល សម្រាប់អ្នកដឹកនាំវ័យក្មេង។ ពិធីនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំផ្ទះសំណាក់ កាកបាតក្រហមខេត្តស្វាយរៀង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
កម្មវិធីនោះមានការចូលរួមពីលោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងកញ្ញា kishida Nami បុគ្គលិកតំណាងការិយាល័យJICA ប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងអស់លោក លោកស្រី ជាលោកគ្រូ អ្នកគ្រូដែល ជាសិក្ខាកាម ប្រមាណជាង៦០នាក់ផងដែរ។
ថ្លែងនៅក្នុងពិធីនោះ កញ្ញាKishida Nami បានលើកឡើង អំពីសាវតាសង្ខេបនៃអង្គសិក្ខាសាលានេះថា កាលពីថ្ងៃទី១១ ដល់ថ្ងៃ ខែកញ្ញាឆ្នាំ ២០១៧ កន្លងទៅនេះ រាជរដ្ឋាជប៉ុនតាមរយៈការិយាល័យ ចៃកានៅប្រចាំនៅកម្ពុជា បានបញ្ជូនមន្ត្រីរាជការ ចំនួន១៤រូប (ដែលក្នុងនោះ ១០រូប មកពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិង៤រូប មកពីក្រសួងអប់រំ យុវជន និងកីឡា)ដើម្បីចូលរួម វគ្គបណ្តុះបណ្តាលរយះពេល១៨ថ្ងៃ នៅប្រទេសជប៉ុន តាមរយៈកម្មវិធីបណ្តុះបណ្តាល សម្រាប់ អ្នកដឹកនាំវ័យក្មេងក្រោមប្រធានបទ(ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ)។
កញ្ញា kishida Nani បានបន្តទៀតថា កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេង គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធី កិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ jica ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ និងចូលរួមចំណែកដល់ការអភិវឌ្ឍ ធនធានមនុស្សរបស់ប្រទេសកម្ពុជា។
JICA បានចាប់ផ្តើមកម្មវិធីនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៥ ដែលរហូតមកទល់ពេលនេះ មានសិក្ខាកាមដែលជា មន្ត្រីកម្ពុជា វ័យក្មេងចំនួន ១០៣៩នាក់ បានចូលរួមកម្មវិធីបណ្តុះបណ្តាលនេះ នៅប្រទេសជប៉ុនលើវិស័យផ្សេងៗ រួមមាន វិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំ សុខាភិបាល គោលនយោបាយសេដ្ឋកិច្ច។ល។ តាមរយៈការចូលរួមកម្មវិធីនេះ សិក្ខាកាមនឹង អាចអភិវឌ្ឍនូវជំនាញ និងចំណេះដឹងរបស់ខ្លួនតាមរយៈការរៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ និងការ ចុះអង្កេតផ្ទាល់ នៅតាមបណ្តាស្ថាប័នពាក់ពន្ធ័នានានៅប្រទេសជប៉ុន។
កញ្ញា kishida Nani ក៏បានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត ដល់សិក្ខាកាមដែលបានចូលរួមក្នុងកម្មវិធី បណ្តុះបណ្តាលខាងលើ ដើម្បីចែករំលែក និងផ្សព្វផ្សាយបទពិសោធន៍ និងចំណេះដឹងដែលពួកគេបានទទួលពីវគ្គបណ្តុះ បណ្តាល នៅប្រទេសជប៉ុន ទៅដល់មន្ត្រីពាក់ពន្ធ័ផ្សេងទៀត ដែលកំពុងបម្រើការងារក្នុងវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសកម្ពុជា។
បុគ្គលិកតំណាងការិយាល័យ JICA ប្រចាំនៅប្រទេសកម្ពុជាដដែលបាន សំណូមពរដល់សិក្ខាកាមទាំងអស់ ប្រើប្រាស់នូវចំណេះដឹងថ្មីៗ នៅក្នុងការងារប្រចាំថ្ងៃរបស់លោក អ្នកក្នុងគោលបំណង ដើម្បីលើកកម្ពស់ស្ថាប័នរបស់លោកអ្នក ក៏ដូចជាការអភិវឌ្ឍវិស័យអប់រំវិជ្ជាជីវៈនៅប្រទេសកម្ពុជាទាំងមូលផងដែរ។ ហើយដើម្បីឲ្យសិក្ខាសាលានេះ ប្រកបដោយផ្លែផ្កា និងជោគជ័យ សូមឲ្យសិក្ខាកាម ទាំងអស់ មេត្តាកុំស្ទាក់ស្ទើរ ក្នុងការចែក រំលែកបទពិសោធន៍ ចំណេះដឹង និងផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក សូមប្រើប្រាស់ឪកាសនេះឲ្យបានច្រើនតាមដែល អាចធ្វើបានដើម្បីរៀនសូត្រពីគ្នា៕