(កំពង់ចាម)​៖ ​​​​​​​​​​​​​​​​​​​​​​​​អតីតបេក្ខជនបម្រុងសមាជិកក្រុមប្រឹក្សាឃុំ​ ក្នុងមូលដ្ឋានខេត្តកំពង់ចាម សរុប៦នាក់ទៀត ដែលទើបរលាយ​បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៦​​​រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៦រូបនេះ រួមមាន៖
ទី១៖លោក នង សែហុង អាយុ៥៦ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ទី២៖លោក ពុធ យឿន អាយុ៦៤ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ទី៣៖លោក ឡាប ថេង អាយុ៦៨ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សា និងអនុប្រធានប្រតិបត្តិគណបក្សឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ទី៤៖លោក សំរិត អឿន អាយុ៣៥ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ទី៥៖លោក ធែម ទូច អាយុ៥៥ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ទី៦៖លោក ហាក់ ម៉េងហ៊ាង អាយុ៥០ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អនុប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក គួច ចំរើន បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​​​​ទាំង៦រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

​សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕