(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមរយៈអង្គភាពព័ត៌មាន Fresh News សូមអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តព្រះវិហារ សូមអញ្ជើញមកទទួលការព្យាបាល ដោយវះកាត់ ដោយមិនគិតលុយ ពីក្រុមគ្រូពេទ្យឯកទេស មកពីសហរដ្ឋអាមេរិករយៈពេលពីរថ្ងៃ ពោលចាប់ពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ស្ថិតក្នុងសង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា កត្តាដែលជម្រុញឲ្យក្រុមគ្រូពេទ្យឯកទេសវះកាត់ មកពីសហរដ្ឋអាមេរិក មកព្យាបាល ជំងឺជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ ដោយមិនគិតលុយ ដោយសារលោកមានមិត្តភក្រ័ធ្វើការជាមួយ ក្រុមគ្រូពេទ្យឯក ទេសមកពីអាមេរិក ចឹងតាមរយៈមិត្តភក្រ័ របស់លោក ក្រុមគ្រូពេទ្យឯកទេសទាំងនោះ បានយល់ព្រមមកខេត្តព្រះវិហារ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយមិនគិតលុយរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា។
លោក គង់ ឡូ បានបន្តថា ក្រុមគ្រូពេទ្យឯកទេមកពីសហរដ្ឋអាមេរិក ដែលមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ នៅខេត្តព្រះវិហារខាងមុខនេះ ពួកគាត់បានមកស្រុកខ្មែរចំនួន៦លើកហើយ ដោយព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តផ្សេងៗ តែលើកទី៧នេះ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារពិតជាមានសំណាងណាស់ ដោយបានក្រុមគ្រូពេទ្យឯកទេស ព្យាបាលដោយមិនគិតថ្លៃ ដែលកត្តានេះ លោកសូមអំពាវនាវឲ្យបងប្អូនយើង មកទទួលការព្យាបាលដោយវះកាត់ មិនអស់ប្រាក់ឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះផង លោក គួង ឡូ ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលយកសេវាវះកាត់សូមត្រៀមលក្ខណៈឲ្យហើយ នៅថ្ងៃទី០៨ ពោលគឺមុនពេលវះកាត់មួយថ្ងៃ សម្រាប់មនុស្សចាស់ គឺអត់អាហារមុន៦ម៉ោង សម្រាប់កុមារ គឺអត់អាហារមុនវះកាត់៤ម៉ោង។ ដោយឡែក ជំងឺដែលត្រូវពិនិត្យរួមមាន៖ ជំងឺដុំដោះ ជំងឺគ្រោះក្នុងថង់ប្រម៉ាត់ ជំងឺឫសដូងបាត ជំងឺបូសអន្ទង់ ជំងឺត្បៀតរន្ធគូថ ជំងឺឆែបមាត់ និងក្រអូមមាត់ ដុំនៅក្បាល និងករ រួមនិងជំងឺពិការមុខមាត់ពីកំណើត និងពិការផ្សេងៗ៕