(ភ្នំពេញ)៖ នៅម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន ដើម្បីពិភាក្សាអំពីសម្រេចលើបញ្ជីឈ្មោះបេក្ខជន តំណាងរាស្រ្តថ្មីចំនួន៤៤រូប ដែលស្នើដោយ គ.ជ.ប។
ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏នឹងរៀបចំនីតិវិធីជ្រើសតាំងសមាជិករបស់ គ.ជ.ប ៣រូប ជំនួសអ្នកដែលបានលាលែងផងដែរ។ នេះបើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលបានបញ្ជាក់ជូន Fresh News នៅព្រឹកនេះ។
លោក ឡេង ប៉េងឡុង បានឱ្យបន្តថា ក្រៅពីរបៀបវារៈទាំងពីរនោះ នៅព្រឹកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏នឹងកំណត់ពេលវេលាប្រជុំពេញអង្គផងដែរ។
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ គ.ជ.ប បានបញ្ជូនបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តចំនួន៤៤រូប មកពីគណបក្សចំនួន៣ ទៅដល់រដ្ឋសភាហើយ ដើម្បីកាន់អាសនៈរដ្ឋសភា ដែលនៅទំនេរ។ ជាមួយគ្នានេះ គ.ជ.ប ក៏កំពុងរៀបចំ បែងចែកអាសនៈចំនួន១១ទៀត ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិនទទួលយកនូវការបែងចែកដោយគ.ជ.ប៕