(ភ្នំពេញ)៖ ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧

នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ផ្ដាច់មុខដ៏ពិសេសមួយជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្ដាញសារព័ត៌មាន Fresh News បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ និងចេញគោលការណ៍ថ្មី ជូនបងប្អូនទាំងអស់របស់អតីតគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន អាចចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រហូតដល់ម៉ោង៩យប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ ដោយសារសន្ទុះនៃការចុះចូលនៅមានកម្រិតខ្លាំង និងមិនទាន់អស់»។

ជាពិសេសជាងនោះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់កាដូដ៏ធំជូនបេក្ខជនបម្រុងរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនជាប់ឆ្នោតនឹងទទួលបានតំណែង ជាសមាជិកក្រុមប្រឹក្សា ឬជំទប់ នៅពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។

ប្រមុខនៃរាជរដ្ឋាភិបាលក៏បានលើកឡើងផងដែរថា នេះជាឱកាសដ៏ពិសេសមួយសម្រាប់បងប្អូន ដែលបានឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ តែមិនបានជាប់ឆ្នោត «នឹងទទួលបានប្រាក់ខែ ព្រមទាំងតួនាទី នៅក្នុងឃុំសង្កាត់ដែលឈរឈ្មោះនោះ នៅពេលដែលបងប្អូនយល់ព្រមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គជប៕