(ក្រចេះ)៖ អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមូលដ្ឋានខេត្តក្រចេះ សរុប៧នាក់ទៀតហើយ ដែលទើបរលាយបានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៧រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៧រូបនោះ រួមមាន៖
ទី១៖លោក អ៊ន ស៊ន សមាជិកក្រុមប្រឹក្សាឃុំ២ធ្នូ ស្រុកស្នូល
ទី២៖លោក មឹក ស្មាអេល សមាជិកក្រុមប្រឹក្សាឃុំពង្រ ស្រុកឆ្លូង
ទី៣៖លោក សឿ ភារុង បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំសំបូរ ស្រុកសំបូរ
ទី៤៖លោក សយ សាត បេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់អូរឬស្សី ក្រុងក្រចេះ
ទី៥៖លោក សួន វណ្ណៈ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ
ទី៦៖លោក កែវ ស៊ឹមអាង បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ
ទី៧៖លោក អ៊ុង ធីតា បេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់អូរឬស្សី ក្រុងក្រចេះ
គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង៧រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕