(ស្ទឹងត្រែង)៖ ពេញ១ថ្ងៃ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានអតីតសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងបេក្ខជនបម្រុង នៅខេត្តស្ទឹងត្រែង ចំនួន៥នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់ បានឃើញនូវអំពើក្បត់ជាតិ របស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកានេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៥រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៥រូប ដែលទើបចុះចូលជាមួយគណបក្សកាន់អំណាចពេលនេះរួមមាន៖
១៖ ឈ្មោះ សុខ លឹម ភេទប្រុស អាយុ៨១ ឆ្នាំ ជំនប់ទី២ ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់
២៖ ឈ្មោះ សោម សារ៉ាត់ ភេទប្រុស អាយុ៥៤ ឆ្នាំ បេក្ខជនបម្រុងឃុំស្រែសំបូរណ៍ ស្រុកសៀមប៉ាង
៣៖ ឈ្មោះ កង ថងដាំ ភេទប្រុស អាយុ៤៧ ឆ្នាំ បេក្ខជនបម្រុង ឃុំសេកុង ស្រុកសៀមប៉ាង
៤៖ ឈ្មោះ ប៊ុន ណុក ភេទស្រី អាយុ៤៨ ឆ្នាំ បេក្ខជនបម្រុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៥៖ ឈ្មោះ រ៉ៃ ផេង ភេទប្រុស អាយុ៥៨ ឆ្នាំ បេក្ខជនបម្រុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង
របាយការណ៍បានបង្ហាញថា គិតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតសមាជិកគណបក្សCNRP នៅខេត្តស្ទឹងត្រែង ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បានចំនួន ១០នាក់ហើយ៕