(កំពង់ធំ)៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗរបស់គណបក្សសង្រ្គោះជាតិ២០រូបហើយ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយតុលាការកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ។ នេះបើតាម ឡុង គីសឹង ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់។
សមាជិក សមាជិការបស់គណបក្សសង្រ្គោះជាតិ ស្រុកសណ្តាន់ ដែលចូលរួមរស់នៅជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន២០រូបនោះ រួមមាន៖
១. សមាជិកក្រុមប្រឹក្សាស្រុកសណ្តាន់ ០៣ រូប
២. ជំទប់ទី១ ចំនួន ០២ រូប
៣. ជំទប់ទី២ ចំនួន ០៣ រូប
៤. សមាជិកក្រុមប្រឹក្សាឃុំចំនួន ៤ រូប
៥. បេក្ខជនពេញសិទ្ធិក្នុងបញ្ជីបោះឆ្នោត ០៨ រូប។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវ ឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកានេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ. ប៕