(ភ្នំពេញ)៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមនាំចេញខេត្តជុងណាម ប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើការនាំចេញផលិតសហគ្រានធុនតូច និងមធ្យមរបស់កម្ពុជា ទៅលក់ក្នុងទីផ្សារក្រៅប្រទេស ពិសេសទីផ្សារកូរ៉េ ដែលជាទីផ្សារធំមួយក្នុងតំបន់។
ការចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាមួយលោក សេ យន់កូ ប្រធានសមាគមនាំចេញជុងណាម ជាមួយការពិភាក្សាការងារមួយចំនួនទៀតផងដែរ។
លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីជាង២០ឆ្នាំ រវាងកម្ពុជា និងកូរ៉េខាងត្បូង បានឈានដល់កម្រិតដ៏ខ្ពង់ខ្ពស់មួយ ហើយមកដល់បច្ចុប្បន្ននេះ កូរ៉េបានដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្ពុជា ពិសេសក្នុងផ្នែកពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជាអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍ដ៏ធំមួយ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គ្របដណ្ដប់លើគ្រប់វិស័យនយោបាយ និងសេដ្ឋកិច្ច។
លោកបានបន្តថា ការនាំចេញទំនិញពីកម្ពុជាទៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៦ មានទំហំទឹកប្រាក់ប្រហែល១៦៣លានដុល្លារ ដែលការនាំចេញពីកម្ពុជាទៅកាន់ប្រទេសកូរ៉េនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែទំហំនៃការនាំចេញនេះនៅមិនទាន់សមាមាត្រនឹងការនាំទំនិញពកូរ៉េនៅឡើយទេ តែទោះជាយ៉ាងណា តាមទំនាក់ទំនងដ៏ល្អនេះ កម្ពុជាសង្ឃឹមថា ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងភាគីទាំងពីរ កាន់តែប្រសើរឡើងជាងមុន។
លោកបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចចុះអនុស្សរណៈនេះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងឈានឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ពិសេសគឺប្រទេសកូរ៉េ ដែលជាទីផ្សារធំមួយក្នុងតំបន់។
លោកឧកញ៉ាបានស្នើដល់តំណាងក្រុមហ៊ុនកូរ៉េ ក៏ដូចជា Kotra ធ្វើយ៉ាងណាជួយស្វែងរកទីផ្សារសម្រាប់ផលិតផលខ្មែរក្នុងទីផ្សារកូរ៉េ ហើយកម្ពុជាក៏បានសន្យាថា ជួយសម្របសម្រួលគ្រប់រូបភាពដល់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងមកវិនិយោគនៅកម្ពុជា ដ៏ដូចជាការស្វែងរកដៃគូសហការផងដែរ៕