(ព្រៃវែង)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំស្រុក ឃុំ និងបេក្ខជនបម្រុងតាមឃុំ នៅមូលដ្ឋានស្រុកកំពង់ត្របែក ខេត្តព្រៃវែង សរុប១៣នាក់ទៀតហើយ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១៣រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង១៣រូបនោះ រួមមាន៖
ទី១៖ លោក យោគ យេង សមាជិកក្រុមប្រឹក្សាស្រុក
ទី២៖ លោក សំ សុធី សមាជិកក្រុមប្រឹក្សាឃុំចាម
ទី៣៖ លោក យូ នឿន បេក្ខជនបំរុងលេខ៤ ឃុំចាម
ទី៤៖ លោក អ៊ុល ឆាន បេក្ខជនពេញសិទ្ធិលេខ៥ ឃុំពាមមន្ទារ
ទី៥៖ លោក ឈឺម សុផាត បេក្ខេជនពេញសិទ្ធិលេខ៦ ឃុំពាមមន្ទារ
ទី៦៖ លោក ស្រី ហេង សុខឿន បេក្ខេជនពេញសិទ្ធិលេខ៦ ឃុំជ្រៃ
ទី៧៖ លោក វ៉ឹក អូន បេក្ខេជនពេញសិទ្ធិលេខ៦ ឃុំកន្សោមអក
ទី៨៖ លោក ឡាច សុផល បេក្ខេជនពេញសិទ្ធិលេខ៨ ឃុំកន្សោមអក
ទី៩៖ លោក ឃួន សុឃឿន បេក្ខេជនពេញសិទ្ធិលេខ៦ ឃុំគោខ្ខក
ទី១០៖ លោក អ៊ូ ឈិន បេក្ខេជនពេញសិទ្ធិលេខ៨ ឃុំគោខ្ខក
ទី១១៖ លោក ងិន ភាន បេក្ខេជនពេញសិទ្ធិលេខ៩ ឃុំគោខ្ខក
ទី១២៖ លោក ខឹម មួន បេក្ខេជនពេញសិទ្ធិលេខ១០ ឃុំគោខ្ខក
ទី១៣៖ លោក អ៊ុក អាន បេក្ខេជនពេញសិទ្ធិលេខ១២ ឃុំគោខ្ខក។
គណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង១៣រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕