(កណ្តាល)៖ ត្រឹមតែមួយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតសមាជិកក្រុមប្រឹក្សាឃុំ និងបេក្ខជនបម្រុង មកពីគណបក្សសង្គ្រោះជាតិ នៅទូទាំងស្រុកពញាឮ ខេត្តកណ្តាល ចំនួន៨រូប បានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៨រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
គណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិចំនួន៨រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាប នូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។ អតីតមន្រ្តីគណបក្សសង្គ្រោះជាតិទាំង៨រូបរួមមាន៖
ទី១៖ នៅឃុំកោះចិនម្នាក់ ឈ្មោះ បាន ខន អតីតសមាជិកក្រុមប្រឹក្សាឃុំ CNRP
ទី២៖ ឃុំផ្សារដែកម្នាក់ ឈ្មោះ ញ៉ែមនី របស់អតីត CNRP
ទី៣៖ ឃុំវិហ៊ារលួងម្នាក់ឈ្មោះ ប៉ាល់ ព្រីង របស់អតីត CNRP
ទី៤៖ ឃុំកំពង់អុសចំនួន២នាក់ ឈ្មោះ ឱ អែម និងឈ្មោះ ខែម ទី របស់អតីត CNRP
ទី៥៖ ឃុំព្រែកតាទែនចំនួន៣នាក់ ឈ្មោះ ប្រាក់ ចន្នី, ឈ្មោះ ជុំចាន់ថុន និងឈ្មោះ ស៊ុ សួរ របស់អតីត CNRP សរុបរួមក្រុមប្រឹក្សាឃុំម្នាក់ និងបេក្ខជនក្នុងបញ្ជី គ.ជ.ប ៧នាក់។
សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវ ឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកានេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ. ប៕