(ភ្នំពេញ)៖ ដើម្បីពង្រឹងទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ និងលើកកំពស់គុណភាពកម្រិតអប់រំឥស្លាមទូទាំងប្រទេស លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអញ្ជើញ ឲ្យគណៈអ៊ីម៉ាំរាជធានី ខេត្ត/ក្រុង និងតំណាងគ្រូខ្មែរឥស្លាមគ្រន់ខេត្ត/ក្រុង ស្រុក ទូទាំងប្រទេស មកទទួលអនុសាសន៍បង្ហាញ ដើម្បីពង្រឹងកម្រិតអប់រំគ្រីខ្មែរឥស្លាម ព្រោះពួកគាត់ភាគច្រើន ជាគ្រូរបស់សហគមន៍ ដែលកម្រិតស្តង់ដារបង្រៀននៅមានកម្រិត។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្នាក់ការគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដោយមានការចូលរួមពី លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា, លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
លោកឧកញ៉ាបន្តថា សូមថ្នាក់ដឹកនាំតាមខេត្ត និងតំណាងគ្រូៗ ជាអ្នកជំនួយចាត់ចែងកិច្ចការអប់រំមកពីបណ្តាខេត្ត ស្រុក មេត្តាបង្កើនការលះបង់ពេលវេលា ដើម្បីពង្រឹងកិច្ចការអប់រំឥស្លាម កាន់តែមានប្រសិទ្ធភាព ព្រោះថ្នាក់លើពឹងផ្អែកយ៉ាងខ្លាំងទៅលើលោកអ្នកទាំងអស់គ្នា ដែលនៅមូលដ្ឋាននេះហើយ តែតាមពិតទោះបីពីដើមមក ទម្រាំបានមកលទ្ធផលប៉ុណ្ណេះ គឺថាស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធ គឺថ្នាក់ដឹកនាំឥស្លាមដែលមានគណៈអ៊ីម៉ាំខេត្ត ស្រុក បានជួយសហការលើភារកិច្ចនេះយ៉ាងច្រើន។
តែទោះយ៉ាងណា ជំនួសមុខឲ្យរាជរដ្ឋាភិបាល និងក្រសួង ក៏សូមជម្រុញឲ្យអស់លោកបន្តកិច្ចសហការលើភារកិច្ចមួយនេះ ដើម្បីប្រព្រឹត្តិទៅបានរលូន និងឈានទៅដល់កម្រិតអប់រំ តាមមូលដ្ឋានដែលមានគុណភាពល្អ។
លោកឧកញ៉ា ក៏បានផ្តាំផ្ញើផងដែរថា ដើម្បីឲ្យកិច្ចការអប់រំនេះ កាន់តែមានប្រសិទ្ធភាព និងគោរពតាមលក្ខខណ្ឌមន្រ្តីរបស់ក្រសួង សូមអ្នកតំណាងតាមមូលដ្ឋាន ជាពិសេសគណៈអ៊ីម៉ាំ ខេត្ត ស្រុក សូមធ្វើការទំនាក់ទំនងឲ្យជាប់លាប់ជាមួយមន្ទីរទាំងពីរតាមខេត្ត ស្រុក ក្នុងនោះគឺមន្ទីរអប់រំយុវជន និងកីឡា និងមន្ទីរមុខងារសាធារណៈ ដើម្បីទទួលបានព័ត៌មានល្អៗ សម្រាប់ធ្វើការផ្សព្វផ្សាយបន្តទៅកាន់គ្រូៗ ដែលជាមន្រ្តីរាជការកំពុងបំពេញភារកិច្ចតាមសាលារៀន នានានៅមូលដ្ឋាន៕