(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំតាមបែបសាសនាដ៏ធំមួយនៅមុខប្រាសាទអង្គរវត្ត ដើម្បីបួងសួងសូមសេចក្តីសុខសេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ។
ពិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ពិធីបួងសួងសូមសេចក្តីសុខជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា លើទឹកដីនៃអាណាចក្រដ៏ល្បាញល្បីរបស់ខ្មែរនេះ នឹងមានពិធីក្រុងពាលី និងសូត្រមន្ត ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ៥០០អង្គ និងមានពិធីបួងសួង និងរាប់បាត្រព្រះសង្ឃ ៥,០០០អង្គ ដែលនិមន្តមកពីតាមបណ្តាវត្តនានាក្នុងខេត្តសៀមរាប និងខេត្តដទៃទៀតជាប់នឹងខេត្តសៀមរាបនោះ។
ក្រៅពីពិធីក្រុងពាលី សូត្រមន្ត បួងសួង និងរាប់បាត្រនៅមានពិធីបែបសាសនាជាច្រើនផ្សេងទៀត។
ក្នុងឱកាសនោះក៏នឹងមានពិធីរត់ម៉ារ៉ាតុន ដោយមានអ្នកចូលរួមជាប្រជាពលរដ្ឋខ្មែរ និងជនបរទេសសរុបប្រមាណ ១ម៉ឺននាក់ ព្រមទាំងមានការសម្តែងសិល្បៈកម្សាន្ត និងការបាញ់កាំជ្រួចអបអរសាទរនាពេលរាត្រីផងដែរ៕